រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា ក្រសួង នឹងបញ្ចប់ការពិភាក្សាច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់ ឲ្យបានរួចរាល់ មុននឹងដាក់ទៅគណៈរដ្ឋមន្រ្តី និងរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តដាក់ឲ្យប្រើប្រាស់បានឆាប់រហ័ស ក្នុងឆ្នាំ ២០១៧នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ។
រហូតមកដល់ពេលនេះ ច្បាប់ទាំង២នេះ ក្រសួងបានរៀបចំសេចក្តីព្រាងច្បាប់រួចរាល់ហើយ និងកំពុងតែជជែកពិភាក្សាគ្នានៅថ្នាក់អន្តរក្រសួង ហើយការជម្រុញឲ្យច្បាប់នេះ ចេញបានរហ័ស និងអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ គឺដើម្បីចូលរួមជួយការពារសុវត្ថិភាពម្ហូបអាហារឲ្យបានត្រឹមត្រូវច្បាស់លាស់ ពិសេសផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់។
ការបង្កើតច្បាប់ទាំង២នេះឡើង ដើម្បីដាក់ចេញនូវស្តង់ដារមួយ សម្រាប់អ្នករកស៊ីជួញដូរ និងការធ្វើអាជីវកម្មពាក់ព័ន្ធនឹងវិស័យចំណីអាហារ ការលក់ដូរផលិតផល ទំនិញផ្សេងៗនៅកម្ពុជា ក្នុងការធានាគុណភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់។
ប្រសិនបើច្បាប់នេះ ដាក់ចេញជាផ្លូវការហើយ នៅពេលមានហានិភ័យ ឬបញ្ហាអ្វីកើតឡើងបង្កផលប៉ះពាល់ដល់សុខភាព លើវិស័យម្ហូបអាហារ ឬផលិតផលណាមួយនេះ អ្នកទិញ ឬអ្នកប្រើប្រាស់ អាចធ្វើការប្តឹង ឬតវ៉ាទៅអ្នកលក់តាមផ្លូវច្បាប់។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៦កន្លងទៅ មន្ត្រីកាំកុងត្រូលបានរឹបអូសផលិតផលទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់បានជាង ៣០តោន៕
មតិយោបល់