សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានឆ្លងទន្លេថ្មី ដែលមានតម្លៃជាង ៣៥លានដុល្លារអាមេរិក តភ្ជាប់ផ្លូវជាតិលេខ ៥ ទៅផ្លូវជាតិលេខ ៦អា គ្រោងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ បានលើកឡើងថា កញ្ចប់ថវិកាសម្រាប់សាងសង់ស្ពាននេះ គឺត្រៀមរួចរាល់ហើយ នៅសល់តែផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលត្រូវដោះស្រាយតែប៉ុណ្ណោះ។
លោកបន្តថា ដោយទីក្រុងភ្នំពេញ ស្ថិតចំចំណុចប្រសព្វនៃទន្លេចតុមុខ ទីតាំងដែលល្អសម្រាប់ការរស់នៅគឺ តំបន់ទាំង ៤ ដែលស្ថិតនៅជាប់ទន្លេ រួមមាន ទីក្រុងភ្នំពេញ តំបន់ជ្រោយចង្វារ តំបន់អរិយក្សត្រ និងតំបន់ច្បារអំពៅ។
គម្រោងសាងសង់ស្ពាននេះ អាចនឹងឆ្ពោះចំ តំបន់ឃ្លាំងសាំងសូគីម៉ិច ឬ តំបន់ផ្លូវរទេះភ្លើងគីឡូម៉ែត្រលេខ ៦ ហើយសាលារាជធានីភ្នំពេញ គ្រោងបន្ថែមផ្លូវ ១ខ្សែទៀត បាញ់ទៅផ្លូវទំនប់ទួលគោក។
គួរបញ្ជាក់ថា គម្រោងស្ពានឆ្លងពីផ្លូវជាតិលេខ ៥ ត្រង់តំបន់ឫស្សីកែវ ទៅផ្លូវជាតិលេខ ៦អា ត្រង់តំបន់ជ្រោយចង្វារ បានបញ្ចប់ការសិក្សារួចរាល់ជាស្ថាពរ ហើយរំពឹងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅពេលគម្រោងស្ពាននេះ ត្រូវបានបញ្ចប់៕
មតិយោបល់