រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣៦លានអឺរ៉ូ ដល់កម្ពុជា ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យសុខាភិបាល វិស័យអភិវឌ្ឍជនបទ និងវិស័យអភិបាលកិច្ចនៅកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការគាំទ្រនេះ នឹងចូលរួមចំណែកជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ ការគោរពសិទ្ធិមនុស្ស ព្រមទាំងការធ្វើឲ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
សម្រាប់ឆ្នាំ ២០១៧-២០១៨នេះ ភាគីអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣៦លានអឺរ៉ូ ក្នុងនោះទឹកប្រាក់ ១៦លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និង ២០លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាង ប្រទេសទាំង២។
គួរបញ្ជាក់ថា ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលហិរញ្ញប្បទាន ដែលអាល្លឺម៉ង់ផ្តល់ឲ្យកម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសកល ឬតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុបនោះឡើយ៕
មតិយោបល់