ព័ត៌មានជាតិ

ស្រវឹងកុំបើកបរ! ជិះម៉ូតូត្រូវពាក់មួយសុវត្ថភាព! បុរស៣នាក់ រងរបួសធ្ងន់ ដោយសារជិះម៉ូតូបុកគោយន្ត

ពោធិ៍សាត់ៈ ដោយសារបើកបរក្នុងស្ថានភាពស្រវឹង និងមិនពាក់មួកសុវត្ថិភាព ព្រមទាំងស្ថានភាពផ្លូវមិនល្អផងនោះ បុរស៣នាក់ បានជិះម៉ូតូមួយគ្រឿង ជ្រុលទៅបុកគោយន្តកន្ត្រៃ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទី ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះដែលបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រួមមាន ឈ្មោះ នី មនូ អាយុ២១ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ 1C-7620 និងអ្នករួមដំណើ២នាក់ ទី១-ឈ្មោះ ឡាំ លឿន អាយុ២០ឆ្នាំ និងទី២-ឈ្មោះ អៀង ចិន្តា អាយុ២២ឆ្នាំ។ អ្នកទាំង៣ មានទីលំនៅបច្ចុប្បន្នភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះបានបើកបរម៉ូតូពីត្បូងមកទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយគោយន្តដែលបើកបរពីជើងទៅត្បូង(ច្រាសទិសគ្នា) បណ្តាលឲ្យដាច់កង់គោយន្តពីមុខខាងឆ្វេង។ ម្ចាស់គោយន្តមិនទាន់ស្គាល់អត្តសញ្ញាណ ដោយសារគេចខ្លួនបាត់ រីឯភាគីខាងម៉ូតូរងរបួសធ្ងន់ទាំង៣នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបញ្ជាក់មូលហេតុថា បណ្ដាលមកពីអ្នកបើកបរម៉ូតូ ស្ថិតក្នុងស្ថានភាពស្រវឹង មិនពាក់មួកសុវត្ថិភាព និងស្ថានភាពផ្លូវក្រាលគ្រួសក្រហមដីហុយខ្លាំង ធ្វើឲ្យពួកគេមើលមិនឃើញ ទើបមានគ្រោះថ្នាក់បែបនេះ។ ក្រោយកើតហេតុទំាងម៉ូតូ និងគោយន្ត ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់