ព័ត៌មានជាតិ

លក់ចាប់ហួយមិនសូវកប ងាកមករកស៊ីគ្រឿងញៀន ត្រូវប៉ូលិសចាប់ខ្លួន

ប៉ៃលិនៈ ស្ត្រីអ្នកលក់ចាប់ហួយម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តប៉ៃលិន ចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ប្រហែលដោយសាររបររកស៊ីលក់ចាប់ហួយមិនសូវកាក់កប ដោយដកហូតបានគ្រឿងញៀនជាច្រើនគ្រាប់។ ប្រតិបត្តិការឃាត់ខ្លួនស្ត្រីរូបនេះ បានធ្វើឡើងតាំងពីម៉ោង៤៖៣០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិអូរអិល សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលខេត្តប៉ៃលិន អនុសេនីយ៍ទោ វ៉ន វាសនា ឲ្យដឹងនៅព្រឹកថ្ងៃនេះថា សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការឃាត់ខ្លួនស្ត្រីឈ្មោះ អឺប សាលី អាយុ៣០ឆ្នាំ មុខរបរលក់ចាប់ហួយ និងដកហូតវត្ថុតាង រួមមាន ថ្នាំប្រភេទគ្រាប់អក្សរ WY ចំនួន១៧គ្រាប់ ប្រាក់ខ្មែរ ៥៣ម៉ឺនរៀល ទូរស័ព្ទម៉ាក Huawei ១គ្រឿង ម៉ាក Samsung ១គ្រឿង និងម៉ាក Hello ១គ្រឿង។

បើតាមលោក វ៉ន វាសនា បញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើ ដោយក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ សោម ប៉ឹម ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើស បានចាត់ឲ្យលោកវរសេនីយ៍ត្រី ផង់ ជឿម នាយករិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងចាត់ការតាមនីតិវិធីច្បាប់ ដោយធ្វើការឃុំខ្លួនជនសង្ស័យបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់