ព័ត៌មានអន្តរជាតិ

ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា សម្រេចចិត្តឆ្លងដែនខុសច្បាប់ទៅបង់ក្លាដែស ក្រោយផ្ទុះហិង្សានៅមីយ៉ាន់ម៉ា

បង់ក្លាដែសៈ ក្រុម​ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា បានសម្រេចចិត្តឆ្លងដែនខុសច្បាប់ ទៅប្រទេស​បង់ក្លាដែស
បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ថ្មីមួយ ​បាន​ផ្ទុះឡើង​ប្រឆាំង​នឹង​ពួក​គេ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

ប្រទេស​បង់ក្លាដែស​ កំពុង​ប្រកាន់​ជំហរ​លើ​ការ​សម្រេច​ចិត្ត ​ក្នុង​ការ​រារាំង​ក្រុម​ជន​ភៀស​ខ្លួន​មូស្លីមរ៉ូហ៊ីងយ៉ា​ មិនឲ្យចូលប្រទេសរបស់ខ្លួនទ្បើយ។ លោក ​Mark Farmaner ប្រធាន​អង្គការ Burma Campaign UK​ និយាយ​ថា ប្រទេស​បង់ក្លាដែស​ កំពុង​ធ្វើការកាត់​ទោស​ប្រហារជីវិត ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ដោយសារ​តែ​ការ​បដិសេធ​មិន​ឲ្យ​ពួក​គេ​ចូល​ក្នុង​ប្រទេស​នេះ។

ភាព​តាន​តឹង​ចុងក្រោយ ​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ Kahkine ជាកន្លែងដែលក្រុមជនជាតិរ៉ូហ៊ីងយ៉ា​ភាគ​ច្រើន​រស់​នៅ ខណៈដែលតំបន់នេះ ​បានរងការវាយប្រហារដោយ​ក្រុមប្រដាប់អាវុធ នៅ​​ប៉ុស្តិ៍​ការពារ​ព្រំដែន​ ​ហើយ​បាន​សម្លាប់​ប៉ូលិស​៩​នាក់ កាល​ពី​ថ្ងៃទី​៩ ខែ​តុលា។

ពាក់ព័ន្ធនឹងវាយប្រហារនេះដែរ កងទ័ព​មីយ៉ាន់ម៉ា​បានចោទថា ជា​សកម្មភាពរបស់សកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ាថា ដែលធ្វើឲ្យកងទ័ព​មីយ៉ាន់ម៉ា​ បាន​បិទ​ភូមិដ្ឋាន​ជា​ច្រើន​របស់​ជនជាតិ​​រ៉ូហ៊ីងយ៉ា។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ប្រទេសមីយ៉ាន់ម៉ា ​ត្រូវ​បានគេ​ចោទ​ប្រកាន់​ពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ប្រឆាំង​ទៅ​លើ​ក្រុម​ជនជាតិ​រ៉ូហ៊ីងយ៉ា បូក​រួម​ទាំង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ការ​រំលោភ​សេពសន្ថវៈ និង​ការ​ដុត​បំផ្លាញ​ផ្ទះ​សម្បែងផង។

ក្នុងការ​បង្ក្រាប​ទាំង​នោះ កង​ទ័ពមីយ៉ាន់ម៉ា ​បាន​វាយប្រហារដោយប្រើឧទ្ធម្ភាគចក្រ ​ដែល​ទង្វើ​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បណ្តាល​ឲ្យសម្លាប់ជីវិត​ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៣០០នាក់ និងរាប់ពាន់គ្រួសារទៀតគ្មានទីជំរក។

លោក Phil Robertson​ អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​ ​និយាយ​ថា ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ដែល​បាត់​បង់​ទីជម្រក ​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាតជំនួយ​ស្បៀង​អាហារ​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ជំនួយ​ផ្សេងៗ​ទៀត ​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕

មតិយោបល់