កម្ពុជា គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជកណ្តុរចេះហិតរកមីន ដើម្បីចែកចាយដល់អង្គភាពដោះមីន ទូទាំងប្រទេស។ នេះបើយោងតាមគេហទំព័ររបស់ អាជ្ញាធរមីន ចេញផ្សាយកាលពីម្សិលមិញនេះ។
បច្ចុប្បន្ននៅកម្ពុជា មានសត្វកណ្តុរចំនួន ២១ក្បាល ដែលកំពុងជួយហិតរកមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ យ៉ាងមានប្រសិទ្ធភាព។
សត្វកណ្តុរហិតនិងរុករកមីន មានសមត្ថភាពហិតក្លិននៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងជម្រៅដីពី ៣ ទៅ ៤ដេស៊ីម៉ែត្រ ហើយក្នុង១ថ្ងៃ កណ្តុរ ១១ក្បាល អាចហិតបានលើផ្ទៃដីទំហំប្រមាណ កន្លះហិកតា។
កណ្តុរហិតមីននេះ ត្រូវបាននាំចូលមកពីតំបន់អាហ្រ្វិក ដោយទទួលបានអាជ្ញាប័ណ្ណបញ្ជាក់ពីប្រទេសដៃគូ ហើយកណ្តុរមួយ មានតម្លៃជាង ៥៤០០ដុល្លារអាមេរិក បូករួមទាំងប្រាក់ខែ សម្រាប់អ្នកមើលថែរក្សា និងអាហាររបស់វា។
គួររម្លឹកដែរថា អាជ្ញាធរមីនកម្ពុជា បានអះអាងថា កម្ពុជា ត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារអាមេរិក ដើម្បីបោសសម្អាតមីន ដែលនៅសេសសល់លើផ្ទៃដីជាង ២០០០គីឡូម៉ែត្រក្រឡា ឲ្យបានរួចរាល់ជាស្ថាពរត្រឹមឆ្នាំ ២០២៥៕
មតិយោបល់