រថយន្តអគ្គីសនីស៊េរីប្រណិតដែលមានកម្លាំងមហាសាល លែងជារថយន្តឋិតក្នុងក្តីស្រមៃទៀតហើយ
គឺបន្ទាប់ពីក្រុមហ៊ុន Lucid Motors បានបើកបង្ហាញរថយន្តអគ្គីសនីរបស់ខ្លួនឈ្មោះ The Air ដែលមានកម្លាំងរហូតដល់ទៅ ១,០០០ សេះ ក្នុងពិធីការមួយរបស់ក្រុមហ៊ុន នាទីក្រុង Fremont រដ្ឋ California នៅថ្ងៃពុធ។ វត្តមានរបស់វានេះ បញ្ជាក់កាន់តែច្បាស់ថា វានឹងរំលេចរូបរាងពិតប្រាកដនៅលើដងផ្លូវក្នុងឆ្នាំ ២០១៨ ខាងមុខ ជាក់ជាមិនខាន។
រថយន្តអគ្គីសនីដ៏ទំនើបនេះ នឹងដាក់លក់តម្លៃជាង ១០០,០០០ ដុល្លារ ជាមួយការបំពាក់ម៉ាស៊ីនអគ្គីសនីពីរមានកម្លាំងផ្គួបរហូតដល់ ១,០០០ សេះ ហើយអាចបង្កើនល្បឿនពី ០ ដល់ ១០០ ដោយប្រើថេរវេលាត្រឹមតែ ២.៥ វិនាទីប៉ុណ្ណោះ។ លើសពីនេះ វានឹងត្រូវបានបំពាក់ជាមួយបរិក្ខារបច្ចេកវិជ្ជាទំនើបៗដូចជា កាមេរ៉ាចាប់រូបភាព ព្រមជាមួយប្រព័ន្ធរ៉ាដា និងឡៃដា ជាដើម។
ក្រុមហ៊ុន Lucid ក៏បានអះអាងផងដែរថា រថយន្តប្រភេទកៅអីបួនធុនធំដ៏ប្រណិតមួយម៉ូដែលនេះ នឹងមានជម្រើសអាគុយថាមពល ១៣០ គីឡូវ៉ាត់ម៉ោង ដែលអាចទ្រទ្រង់ដល់ការបើកបរបានចម្ងាយផ្លូវជាង ៦០០ គីឡូម៉ែត្រ។
ក្រុមហ៊ុនបន្ថែមទៀតថា ខ្លួនគ្រោងនឹងចាប់ផ្តើមចង្វាក់ផលិតកម្មរបស់វាក្នុងឆ្នាំ ២០១៨ ហើយប្រហែលនឹងត្រូវការជ្រើសរើសបុគ្គលិកពេញម៉ោងប្រមាណជាង ២,០០០ នាក់ សម្រាប់បម្រើការក្នុងរោងចក្រមុនឆ្នាំ ២០២២។ ក្នុងនោះដែរ ក្រុមហ៊ុន Samsung SDI នឹងធ្វើជាអ្នកផ្គត់ផ្គង់អាគុយប្រភេទ Lithium-ion របស់រថយន្ត ក្រោមភាពជាដៃគូដែលបានព្រមព្រៀងគ្នាកាលខែវិច្ឆិកា៕
ប្រភពព័ត៌មាន៖ mashable
មតិយោបល់