គ្រឹះស្ថានអង្គរ នឹងដាក់ឱ្យដំណើរការ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរតាមប្រព័ន្ធ Online នាត្រីមាសទី២ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរតាមប្រព័ន្ធ Online នឹងដាក់ឱ្យដំណើរការចាប់ពីដើម ត្រីមាសទី២ ឆ្នាំ២០១៨នេះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក្នុងការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
នៅក្នុងឆ្នាំ ២០១៧កន្លងទៅ គ្រឹះស្ថានអង្គរបានលក់ ប័ណ្ណជូនភ្ញៀវទេសចរអន្ដរជាតិចំនួន ២.៤៥លាននាក់ និងមានកើនឡើង ១១.៨ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទទួលបាន ចំណូលសរុបចំនួន ១០៨លានដុល្លារអាមេរិក កើនឡើង ៧២.៥ភាគរយបើធៀបនឹងឆ្នាំ២០១៦។
ទន្ទឹមនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាការ លក់ប័ណ្ណឱ្យកាន់តែ ប្រសើរឡើងថែមទៀត គ្រឹះស្ថានអង្គរក៏បានកំពុងធ្វើទំនើបកម្មប្រព័ន្ធលក់ប័ណ្ណរបស់ខ្លួន ឱ្យកាន់តែទំនើបថែមទៀត ស្របតាមស្ដង់ដារអន្ដរជាតិ ដែលនឹងអាចផ្ដល់ តួលេខនៃការលក់ប័ណ្ណបានភ្លាមៗ (Real-time) សម្រាប់ជាការ បង្ហាញនូវភាពច្បាស់លាស់នៃ ការគ្រប់គ្រងទិន្នន័យ ធានាបានតម្លាភាព និងគណនេយ្យភាពផងដែរ។
សូមរម្លឹកថា កាលពីខែសីហាឆ្នាំ ២០១៧កន្លងទៅ គ្រឹះស្ថានអង្គរបាន ដាក់ឱ្យដំណើរការនូវការទូទាត់ការទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈប្រព័ន្ធអេឡិកត្រូនិចដែល ភ្ញៀវទេសចរអន្ដរជាតិអាចប្រើប្រាស់ប័ណ្ណឥណទាន (Credit Card) ឬប័ណ្ណឥណពន្ធ (Debit Card) ដូចជា Visa, Master, Union Pay, JCB, និងDiners Club ជាដើម។
ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៦ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរវត្ត បានកែប្រែតម្លៃថ្មី គឺឡើងដល់ ៣៧ដុល្លារអាមេរិក សម្រាប់ចូលទស្សនា ១ថ្ងៃ ដោយរាល់ការទិញសំបុត្រទាំងអស់ គឺកាត់ ២ដុល្លារអាមេរិក សម្រាប់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
រាជរដ្ឋាភិបាល បានធ្វើការកែសម្រួល តម្លៃសំបុត្រចូលទស្សនារមនីយដ្ឋានអង្គរ សម្រាប់ជនបរទេសនេះ គឺដើម្បីរក្សាតម្លៃសំបុត្រ ចូលទស្សនាអង្គរឲ្យ មាននិរន្តរភាព ដោយហេតុផលថា តម្លៃបណ្ណថ្មី ៣៧ដុល្លារអាមេរិក គឺនៅទាបជាង តម្លៃសំបុត្រ ២០ដុល្លារអាមេរិក ដែលបានអនុវត្តន៍ កាលពី ២០ឆ្នាំមុន រហូតមកដល់ពេលនេះ៕
មតិយោបល់