ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត នៅទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីផលិតផលទាំងពីរ បានដាក់ពាក្យស្នើសុំនៅប្រទេសថៃ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៧កន្លងទៅនេះ។
ផលិតផលទាំង ២ បានដាក់ស្នើតាមរយៈគម្រោងម៉ាកសម្គាល់ភូមិសាស្រ្តថ្នាក់តំបន់របស់អង្គការ AFD/FAO ហើយពិធីទទួលវីញ្ញាបនបត្រចុះបញ្ជីម៉ាកនេះ ត្រូវបានរៀបចំឡើងនៅស្ថានទូតបារាំងក្នុងប្រទេសថៃ។
មិនត្រឹមតែ ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺនោះទេ គឺក្រសួងពាណិជ្ជកម្ម កំពុងពិនិត្យលទ្ធភាពដាក់ ផ្កាអំបិល ខេត្តកែប ឲ្យទៅជាម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត ដោយសារខេត្តកែប ជាប្រភពមិនចេះរីងស្ងួតនៃអំបិលធម្មជាតិ និងផលនេសាទសមុទ្រ។
លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ប្រសិនបើគោលដៅនេះបានសម្រេច វានឹងធ្វើឲ្យខេត្តកែប កាន់តែមានភាពទាក់ទាញចំពោះវិនិយោគិន និងភ្ញៀវទេសចរណ៍ ដែលជួយបង្កើតឱកាសការងារ និងប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ប្រជាជន។
ដោយអំបិល គឺជាគូនឹង ម្រេច ដូច្នេះតាមចក្ខុវិស័យរបស់រដ្ឋាភិបាល គឺជួយឲ្យខេត្តកែប មានទំនិញសម្គាល់ភូមិសាស្រ្ត ដូចខេត្តកំពតដែរ ហើយផ្កាអំបិល ជាទំនិញទទួលបានការចាប់អារម្មណ៍ពីប្រទេសជាច្រើន។
គួររម្លឹកដែរថា ម្រេចកំពត ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តនៅ សហគមន៍អឺរ៉ុបជាផ្លូវការ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ខណៈស្ករត្នោតកំពង់ស្ពឺ កំពុងតែស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យលម្អិត ហើយនឹងទទួលបាននូវការចុះបញ្ជឺនៅក្នុងសហគមន៍អឺរ៉ុបដូចគ្នា នាពេលឆាប់ៗខាងមុខនេះ៕
មតិយោបល់