នៅក្នុងតំបន់ Noord រដ្ឋ Amsterdam ប្រទេសហូឡង់ ប្រជាពលរដ្ឋ អាចនឹងប្រមូលសំរាម ដូចជាកាកសំណល់ប្លាស្ទិក យកទៅប្តូរជាកាហ្វេ ឬការបញ្ចុះតម្លៃពិសេសពីតាមហាងជាង ៧០០ នៅក្នុងតំបន់នោះ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ the guardian ចេញផ្សាយកាលពីពេលថ្មីៗនេះ។
នៅក្នុងយុទ្ធនាការ Wasted ដែលមានហាងជាង ៧០០បានចូលរួមសហការ ផ្តល់ជូននូវកម្មវិធីពិសេសជាច្រើន សម្រាប់លោកអ្នកដែលប្រមូលកាកសំណល់ប្លាស្ទិក យកទៅដាក់នៅមន្ទីរពិសោធន៍កែច្នៃសំរាម ហើយទទួលបានកាក់សម្គាល់មួយ ដើម្បីយកទៅប្រើប្រាស់នៅតាមហាងទាំងនោះ។
នៅពេលប្រជាពលរដ្ឋតាមផ្ទះ ប្រមូលបានកាកសំណល់ប្លាស្ទិកមួយថង់ ពួកគេអាចទទួលបានកាក់បៃតងមួយ ហើយបច្ចុប្បន្ន កាក់ទាំងអស់ត្រូវបានបញ្ជូនទៅពួកគេតាមរយៈប្រៃសណីយ៍ តែគ្រោងនឹងកែប្រែរៀបចំជាប្រព័ន្ធឌីជីថលវិញ គឺទាក់ទងជាមួយអាជីវកម្មអនឡាញផ្ទាល់តែម្តង។
កម្មវិធីពិសេសជាច្រើន ដែលពួកគេអាចទទួលបាន មានដូចជា Free កាហ្វេឬតែ ការបញ្ចុះតម្លៃ ៥០% បញ្ចុះតម្លៃសម្រាប់យោហ្គា Free សូកូឡា ខេក ការ៉េមជាដើម។
គួរបញ្ជាក់ដែរថា យុទ្ធនាការ Wasted ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ដោយអង្គការ Cities Foundation ដែលដំបូងឡើយ បុគ្គលិកអង្គការជាអ្នកដើរប្រមូលសំរាម រហូតទាល់តែក្រុមប្រឹក្សាតំបន់ ចូលរួមជួយក្នុងគម្រោងនេះផងដែរ៕
មតិយោបល់