ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ៥នាក់ ទៅសាលាដំបូង ពីបទលួចម៉ូតូ

ភ្នំពេញៈ ជនសង្ស័យលួចម៉ូតូយ៉ាងសកម្មចំនួន៥នាក់ក្នុងភូមិសាស្រ្តទឹកដីខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាលព្រហ្មបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នេះ ត្រូវបាននគរបាលប៉ុស្តិ៍ដង្កោសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពលួចម៉ូតូម៉ាកZoomer X ពណ៌ស១គ្រឿង ពាក់ស្លាក ភ្នំពេញ1DH-6564 ដែលម្ចាស់ម៉ូតូចាក់សោរទុកនៅក្រោមបន្ទប់ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លុះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ទី១. ឈ្មោះ ឡេង ឌីណា អាយុ១៩ឆ្នាំ និងទី២. ឈ្មោះ សារឿន ឧស្សាហ៍ ហៅ បឿ អាយុ១៨ឆ្នាំ ហើយជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចឃាត់ខ្លួននៅផ្ទះសំណាក់យីហោ ច័ន្ទគ្រិស្នា ស្ថិតនៅផ្លូវ៣៧១។

សមត្ថកិច្ចបន្តថា រហូតដល់ព្រឹក ថ្ងៃទី១៦ កម្លាំងនគរបាលខណ្ឌដង្កោបានស្រាវជ្រាវចាប់បានបក្ខពួកម្នាក់ទៀត ឈ្មោះ ឡេង បារាំង ហៅ មាំង អាយុ១៨ឆ្នាំ នៅភូមិខ្វាខាងលិច សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយនៅថ្ងៃទី១៧ បានស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួកក្រុមនេះបាន២នាក់ទៀត ដែលមានឈ្មោះ ជា កុសល អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ គឹម មាន អាយុ១៦ឆ្នាំ និងវត្ថុតាំងយានជំនិះម៉ូតូ scoops ពណ៌ក្រហម ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BO​-1566 ជាម៉ូតូដែលក្រុមនេះជិះសំរាប់ធ្វើសកម្មភាពលួច។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាំងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនីតិវិធីច្បាប់៕

មតិយោបល់