សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ អង្គភាពក្រុមសហគ្រិនវ័យក្មេងនៃសភាពាណិជ្ជកម្ម ប្រទេសជប៉ុន នឹងរំពឹងសហការគ្នាវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញនេះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជា គឺជាទីផ្សារដ៏មានសក្តានុពល នៅក្នុងក្រសែភ្នែករបស់វិនិយោគជប៉ុន ជាក់ស្តែងដូចជាការវិនិយោគរបស់ផ្សារទំនើបអ៊ីអន ១ និង ២ ការបើកជើងហោះហើរត្រង់របស់អាកាសចរណ៍ជប៉ុន ANA ជាដើម។
សហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ ត្រូវបានរំពឹងថា នឹងមានឱកាសធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក លើកិច្ចការប្រកបធុរកិច្ច ដើម្បីវិនិយោគលើវិស័យមានសក្តានុពល បង្កើតប្រាក់ចំណេញ និងការងារជូនប្រជាពលរដ្ឋ ក៏ដូចជាជម្រុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។
គួរជម្រាបដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន នៅក្នុងឆ្នាំ ២០១៤ មាន ៥១៦លានដុល្លារអាមេរិក និងឆ្នាំ ២០១៥ បានកើនដល់ចំនួន ៦៦៦លានដុល្លារអាមេរិក៕
មតិយោបល់