ព័ត៌មានសេដ្ឋកិច្ច

បេឡារុស សំលឹងរកមើលកៅស៊ូធម្មជាតិ និងចង់បង្កើនរោងចក្រតម្លើងរថយន្តនៅកម្ពុជា

ប្រទេសបេឡារុស បាននិងកំពុងសំលឹងរកមើលទិញ កៅស៊ូធម្មជាតិកម្ពុជា និងគ្រោងបង្កើនរោងចក្រតម្លើងរថយន្តនៅកម្ពុជាផងដែរ។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះ។

ប្រទេសបេឡារុស កំពុងស្វែងរកអ្នកផ្គត់ផ្គង់កៅស៊ូធម្មជាតិរបស់កម្ពុជា ដោយសារតែការផ្គត់ផ្គង់ពីវៀតណាមនៅមិនទាន់គ្រប់គ្រាន់ ហើយប្រទេសកម្ពុជា និងបេឡារុស នឹងធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្មឲ្យដល់ ២០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២០។

កាលពីខែមេសា កន្លងទៅនេះ លោក Gennady B. Svidersky អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស ក៏បង្ហាញពីបំណងចង់បង្កើនការឡើងរថយន្តនៅកម្ពុជា និងការនាំចូលជីប៉ូតាស្យូមមកលក់ ផងដែរ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានស្នើឲ្យភាគីបេឡារុស វិនិយោគបន្ថែមលើការបង្កើតរោងចក្រផលិតកង់រថយន្ត និងកែច្នៃផលិតផលកសិកម្ម។

ជាចុងក្រោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើដល់តំណាងរោងចក្ររថយន្តនៅទីក្រុង Minsk ឲ្យពិចារណាប្រើប្រាស់ប្រទេសកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅទីផ្សារអាស៊ាន និងអឺរ៉ុប៕

មតិយោបល់