ក្រុងព្រះសីហនុ មានសណ្ឋាគារជាង ៣០០០បន្ទប់ ផ្ទះសំណាក់ជាង ៣០០០បន្ទប់ និងរៀបចំបន្ថែមតង់ស្នាក់នៅប្រមាណ ៥០០ទៀត ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តនាឱកាសបុណ្យសមុទ្រនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមគេហទំព័រក្រសួងទេសចរណ៍ ចេញផ្សាយប្រមាណជា ១ម៉ោងមុននេះ។
លើសពីនេះទៅទៀត ក្រសួងក៏បានបំផុសចលនាអប់រំបងប្អូនប្រជាពលរដ្ឋ ឲ្យរៀបចំផ្ទះសម្បែងទទួលបងប្អូន និងភ្ញៀវទេសចណ៍ ដូចការស្នាក់នៅរបស់ទេសចរ ជាមួយប្រជាជនមូលដ្ឋាន Home Stay ដែលជានិន្នាការទេសចរណ៍ថ្មី ដែលកំពុងពេញនិយម។
ក្រសួងទេសចរណ៍ ក៏បានរៀបចំ ស្តង់ដាផ្ទះស្នាក់នៅ ដែលអាចផ្តល់នូវសេវាគុណភាពខ្ពស់ និងភាពកក់ក្តៅដល់ភ្ញៀវជាតិ និងអន្តរជាតិ ដូចជា ផ្ទះស្នាក់នៅសហគមន៍ ផ្ទះស្នាក់នៅជនបទ និងផ្ទះស្នាក់នៅទីក្រុង។
និន្នាការទេសចរណ៍ថ្មីនេះ នឹងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជនបង្កើនបាននូវការយោគយល់គ្នា អធ្យាស្រ័យគ្នា សាមគ្គី មិត្តភាព ជាពិសេសគឺការនាំយកនូវចំណូលផ្ទាល់ដល់ដៃប្រជាជន។
គួរបញ្ជាក់ថា ការរៀបចំពិធីបុណ្យសមុទ្រ គឺត្រូវផ្លាស់ប្តូរកាលបរិច្ឆេទ ដែលពីមុនគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៦ នៅខេត្តព្រះសីហនុនោះ នឹងត្រូវលើកទៅប្រារព្ធថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែធ្នូវិញ៕
មតិយោបល់