អ្នកប្រើប្រាស់ Galaxy S6 Edge + ម្នាក់ បានរាយការណ៍ប្រាប់បណ្តាញសង្គមសារព័ត៌មាន Reddit ថាទូរស័ព្ទរបស់គាត់បានឆាបឆេះឡើងនៅលើតុរាត្រី ដែលជាកន្លែងដាក់សាកថ្ម ក្រោយពីខ្លួនបានដាក់សាកជាមួយឆ្នាំងសាក AC ដែលមានការធានាពីក្រុមហ៊ុន ហើយបានបង្កភាពភ័យខ្លាចដល់លោកបន្តិចបន្តួច។
លោកបានសរសេរមកកាន់គេហទំព័រ Reddit ថា៖ «កាលពីព្រលឹមម្សិលមិញ ខ្ញុំបានភ្ញាក់ឡើងដើម្បីទៅធ្វើការដូចសព្វមួយដង ហើយក៏បានស្វែងរកមើលទូរស័ព្ទ ស្រាប់តែឃើញវាបានផ្ទុះឆេះខ្លោចរហូតដល់ក្តារតុទៀតផង។ សំណាងល្អដែរ ដែលខ្ញុំមិនបានសាកថ្មទុកនៅលើគ្រែគេង។ ខ្ញុំធ្លាប់បានជជែកជាមួយក្រុមហ៊ុន Samsung និងក្រុមហ៊ុនសេវាទូរស័ព្ទផងដែរ គេថាទូរស័ព្ទរបស់ខ្ញុំមិនឃើញថាមានបញ្ហាអ្វីនោះទេកាលពីមុន ហើយក៏គ្មានការឡើងកម្តៅខុសពីធម្មតាដែរ។ ខ្ញុំក៏បានគិតថា វានឹងលែងមានបញ្ហាអ្វីកើតឡើងហើយក្រៅពីករណី Note 7 ឥឡូវបែរជាវាមកកើតលើ S6 Edge+ របស់ខ្ញុំទៅវិញ។ ខណៈពេលនេះ ខ្ញុំពិតជាមានការសោកស្តាយដល់រូបភាពដែលបានថតនៅអាហ្រិ្វករបស់ខ្ញុំដល់ហើយ។»
ចាប់តាំងមុនពេល និងក្រោយពេលកើតមានឧប្បត្តិហេតុទូរស័ព្ទ Galaxy Note 7 ផ្ទុះឆេះជាបន្តបន្ទាប់ យើងក៏បានឮឧប្បត្តិហេតុផ្សេងៗបណ្ដាលមកពីទ្រនាប់ថាមពលថ្មទូរស័ព្ទដៃ Samsung ដែលមិនមានគុណភាព ទើបអាចបណ្តាលឲ្យងាយផ្ទុះឆេះដូចនេះ៕
ប្រភព៖ androidcentral
មតិយោបល់