នៅថ្ងៃនេះ វារីអគ្គិសនីសេសានក្រោម ២ ដែលជាវារីអគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា នឹងចាប់ផ្តើមបិទទំនប់ទប់ទឹកសាកល្បង មុននឹងឈានដល់ ពិធីបិទទំនប់ទប់ទឹកជាផ្លូវការនៅថ្ងៃទី ២៥ ខែកញ្ញា ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
វារីអគ្គិសនីនេះ អាចផលិតថាមពលជិត ២ពាន់លានគីឡូវ៉ាត់ម៉ោងជាមធ្យមក្នុង ១ឆ្នាំ ដោយថ្លៃអគ្គិសនីលក់ឲ្យកម្ពុជាថេរ ៦.៩៥សេនអាមេរិក ក្នុង ១គីឡូវ៉ាត់ម៉ោង ក្នុងរយៈពេល ៤០ឆ្នាំ។
បច្ចុប្បន្ន គម្រោងសាងសង់វារីអគ្គិសនីនេះ សម្រេចបាន ៩២ភាគរយហើយ នឹងគ្រោងដំណើរការសាកល្បងទួរប៊ីនទី ១ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៧ខាងមុខនេះ។
វារីអគ្គិសនីសេសានក្រោម ២នេះ នឹងចំណាយដើមទុនប្រមាណ ៨០០លានដុល្លារអាមេរិក មានសមត្ថភាពផលិតអគ្គិសនីបាន ៤០០មេហ្គាវ៉ាត់ម៉ោង ដែលនឹងដំណើរការទួរប៊ីនដំបូងបង្អស់ នៅឆ្នាំក្រោយនេះ ហើយបច្ចុប្បន្នគម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Hydro Power Lower Sesan 2 Co,.Ltd។
វារីអគ្គិសនីនេះ មានទួរប៊ីនចំនួន ៨ ដោយក្នុងទួរប៊ីននីមួយៗ មានអនុភាព ៥០មេហ្គាវ៉ាត់ម៉ោង ត្រូវបានជ្រើសរើសជាដំបូង តាមលក្ខខណ្ឌធារាសាស្រ្ត និងតាមលក្ខខណ្ឌបច្ចេកទេស។
នាពេលបច្ចុប្បន្ន ទំនប់វារីអគ្គិសនីសេសានក្រោម ២ ជាគម្រោងផ្គត់ផ្គង់អគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា ដែលនឹងផ្គត់ផ្គង់អគ្គិសនីបាន ៣០ភាគរយ ទូទាំងប្រទេសកម្ពុជា៕
មតិយោបល់