ព័ត៌មានសេដ្ឋកិច្ច

រោងចក្រផលិតចំណីសត្វ ម៉ុង ឫទ្ធី ដំណើរការបានល្អឥតខ្ចោះ បន្តទិញកសិផលរាប់រយតោន

ក្រោយពីដាក់ដំណើរការបានប្រមាណ ២ខែកន្លងមក រោងចក្រផលិតចំណីសត្វរបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី គឺដំណើរការបានល្អឥតខ្ចោះ ដូចជាគ្រោងទុក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ចេញផ្សាយប្រមាណជា ១ម៉ោងមុននេះ។

លោកឧកញ៉ាបន្តថា លោកមានមោទនភាព ដែលកសិករកម្ពុជា បានដឹកកសិផលមកលក់ឲ្យរោងចក្រ ប្រមាណជិត ១០០តោនជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យសង្វាក់ផលិតកម្មកាន់តែប្រសើរឡើង ជាក់ស្តែងនៅថ្ងៃនេះ រោងចក្របានទិញពោតចំនួន ៨០០តោន ដែលដឹកមកពីខេត្តពោធិ៍សាត់។

បច្ចុប្បន្ន ចំណីសត្វដែលផលិតបាន គឺស្តុកទុកក្នុងឃ្លាំង មានប្រមាណជា ១ពាន់តោន ដែលត្រូវបញ្ចេញទៅតាមកសិដ្ឋាននានាប្រមាណជា ១០០តោន ជារៀងរាល់ថ្ងៃ។

រោងចក្រផលិតចំណីសត្វ ម៉ុង ឬទ្ធី ដែលចំណាយដើមទុនប្រមាណ ១០លានដុល្លារអាមេរិក មានឈ្មោះថា ក្រុមហ៊ុន M’s Pig ACMC ដែលមានសមត្ថភាពផលិតចំណីសត្វប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ នឹងមានទីតាំងនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រោងចក្រដ៏ថ្មីនេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប អាចផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាកសិករ អាចលក់ផលិតផលកសិកម្មរបស់ពួកគេ សម្រាប់ធ្វើជាវត្ថុធាតុដើម ផលិតចំណីសត្វ៕

មតិយោបល់