ម៉ាស៊ីនដកប្រាក់ ATM នៅតាមទីសាធារណៈទាំងអស់ អាចប្រឈមនឹងការលុបបំបាត់ចោល ប្រសិនបើគ្មានអ្នកមើលថែ និងការពារឲ្យមានសុវត្ថិភាព។ នេះបើយោងតាមការឲ្យដឹងពីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងកាលពីម្សិលមិញនេះ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទូ ATM នៅតាមទីសាធារណៈ គួរតែលុបបំបាត់ ប្រសិនបើគ្មានអ្នកមើលថែ និងការពារសុវត្ថិភាព ហើយបញ្ហានេះ ត្រូវបានលើកឡើងក្រោយពេលមាន ករណីផ្ទុះទូ ATM របស់ធនាគារកាណាឌីយ៉ា ជាប់របងមន្ទីរពេទ្យកុមារជាតិ កាលពីពេលថ្មីៗនេះ។
ដូច្នេះ មន្រ្តី និងសមត្ថកិច្ច នឹងសិក្សារួមគ្នា ដើម្បីដោះស្រាយបញ្ហានេះ ព្រោះករណីផ្ទុះទូ ATM បានបង្កជាចលាចលដល់ប្រជាពលរដ្ឋជាច្រើនផងដែរ។
គួរជម្រាបដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីធានាឲ្យបាននូវ ស្ថិរភាពសង្គម ការពារសន្តិភាព សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ជនបរទេស ព្រមទាំងទីតាំងសំខាន់ៗ ក្នុងរាជធានីភ្នំពេញ៕
មតិយោបល់