ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន នឹងបើកស្ថានកុងស៊ុល នៅភូមិវប្បធម៌ខេត្តសៀមរាប ជម្រុញកំណើនទេសចរណ៍មកកម្ពុជា

ប្រទេសជប៉ុន នឹងបើកស្ថានកុងស៊ុល នៅភូមិវប្បធម៌ ខេត្តសៀមរាប ដើម្បីលើកទឹកចិត្តឲ្យភ្ញៀវទេសចរណ៍ជប៉ុន មកកម្ពុជា ឲ្យបានកាន់តែច្រើន បន្ទាប់ពីការដាក់ដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់ទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ពីគម្រោងនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយលោក នឹងជម្រុញវិនិយោគិនជប៉ុន ឲ្យមកកម្ពុជា បន្ថែមទៀតផង។

ដោយឡែក ក្រសួងការបរទេស នឹងបង្កើតវិទ្យាស្ថានការទូត ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹង បរិបទការងារការបរទេស ដែលកំពុងរីកចម្រើននៅក្នុងតំបន់ និងនៅលើពិភពលោក។

ដើម្បីឲ្យដំណើរការ នៃវិទ្យាស្ថានការទូតកាន់តែរលូន លោក ប្រាក់ សុខុន ក៏បានស្នើសុំភាគីជប៉ុន ឲ្យពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតកម្ពុជា និងវិទ្យាស្ថានការទូតជប៉ុន នាពេលខាងមុខ។

ជាការឆ្លើយតប លោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ស្វាគមន៍ចំពោះបំណងនេះ និងជម្រុញឲ្យភាគីកម្ពុជា បង្កើតគណៈប្រតិភូរបស់ក្រសួងការបរទេសកម្ពុជា ទៅពិនិត្យ និងពិភាក្សាជាក់ស្តែងនូវការបង្កើតនូវវិទ្យាស្ថាននេះ៕

មតិយោបល់