គិតត្រឹម ១០ខែ ឆ្នាំ ២០១៦ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារ មានកំណើន ៣.៣ភាគរយបើធៀបពេលដូចគ្នាកាលពីឆ្នាំមុន ពីប្រមាណ ៤សែនតោន ដល់ ៤សែន២ម៉ឺនតោន។ នេះបើយោងតាមគេហទំព័ររបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សម្រាប់ខែតុលាវិញ ការនាំចេញកើនឡើង ៥៣ភាគរយ បើធៀបនឹងខែតុលា ឆ្នាំ ២០១៥ ហើយនេះបង្ហាញពីការស្ទុះងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះជាច្រើនខែ។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងដែរ សន្ទុះនៃការនាំចេញកើនឡើង ស្របពេលកសិករកំពុងប្រមូលស្រូវថ្មី គឺជាសញ្ញាវិជ្ជមាន សម្រាប់ទប់ស្កាត់តម្លៃស្រូវមិនឲ្យធ្លាក់ចុះ។
បច្ចុប្បន្ន សហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងមមាញឹក ក្នុងការប្រមូលសំណាកអង្ករល្អៗពី ក្រុមហ៊ុនមួយចំនួន ដើម្បីរៀបចំការប្រកួតប្រជែងផ្ទៃក្នុង មុនបញ្ជូនទៅប្រកួតជាលក្ខណៈអន្តរជាតិ នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ។
គួរបញ្ជាក់ថា អង្ករកម្ពុជា ធ្លាប់ទទួលបានជ័យលាភីជាអង្ករល្អបំផុតលើពិភពលោក ៣ឆ្នាំតជាប់ៗគ្នា គឺឆ្នាំ ២០១២, ២០១៣ និង ២០១៤ តែមិនបានគ្រងតំណែងឯក ក្នុងឆ្នាំ ២០១៥នោះទេ អាចមកពី កម្ពុជា មិនបាននាំយកអង្ករស្រូវថ្មីទៅចូលរួម ដោយសារទទួលផលស្រូវថ្មីក្នុងខែវិច្ឆិកា ខណៈការប្រកួតធ្វើឡើងក្នុងខែតុលា៕
មតិយោបល់