បរទេសៈ ការព្រួយបារម្ភកាន់តែខ្លាំង ខណៈដែលប្រទេសកូរ៉េខាងជើងនឹងបង្កើនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនកាន់តែខ្លាំង ដោយសារតែមានការផ្លាស់ប្ដូរការដឹកនាំ នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។
លោក Thae Yong-ho ដែលធ្លាប់ជាអតីតមន្ត្រីការទូតជាន់ខ្ពស់ទីពីររបស់កូរ៉េខាងជើងប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាននិយាយថា ដោយសារតែកូរ៉េខាងត្បូងនឹងធ្វើការបោះឆ្នោតប្រធានាធិបតី និងសហរដ្ឋអាមេរិកកំពុងឈានដល់ការផ្លាស់ប្ដូរថ្នាក់ដឹកនាំ កូរ៉េខាងជើងសម្លឹងឃើញថា ឆ្នាំ ២០១៧ ជាឆ្នាំដ៏ល្អបំផុត សម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកូរ៉េខាងត្បូងនៅឯសន្និសីទមួយកន្លែង កាលពីថ្ងៃអង្គារ លោក Thae បានបញ្ជក់យ៉ាងច្បាស់ថា លោកមិនបានដឹងអំពីស្ថានភាពកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ ប៉ុន្តែលោកនិយាយថា លោក Kim Jung Un មេដឹកនាំកូរ៉េខាងជើង គ្មានគម្រោងក្នុងការលះបង់នូវអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ បើទោះបីជាមានគេផ្ដល់ថវិកាច្រើនឲ្យក៏ដោយ។
សូមជំរាបថា លោក Thae បានចុះចូលជាមួយប្រទេសកូរ៉េខាងត្បូង កាលពីខែសីហាកន្លងទៅ ដែលនៅពេលនេះ លោកបានក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង៕

មតិយោបល់