ព័ត៌មានសេដ្ឋកិច្ច

ចិន គ្រោងបោះទុន ៣០០០លានដុល្លារ សាងសង់សណ្ឋាគារលំដាប់ផ្កាយ ៦ ដំបូងនៅកម្ពុជា

ក្រុមហ៊ុនចិន Guangzhou R&F Properties គ្រោងនឹងបោះទុនប្រមាណ ៣ពាន់លានដុល្លារអាមេរិក សាងសង់សណ្ឋាគារលំដាប់ផ្កាយ ៦ នៅក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក Zhang Li ប្រធានក្រុមហ៊ុន Guangzhou បានជួបពិភាក្សាជាមួយលោកឧកញ៉ា គិត ម៉េង រួចហើយ អំពីគម្រោងនេះ ដែលជំហានដំបូង គ្រោងនឹងចាប់ផ្តើមក្នុងក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។

ក្រុមហ៊ុន Guangzhou ជាក្រុមហ៊ុនចម្រុះដ៏ធំមួយនៅប្រទេសចិន ដែលធ្វើអាជីវកម្មផ្នែកអចលនទ្រព្យ រួមមានការសាងសង់សណ្ឋាគារលំដាប់កំពូល វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស វិស័យសុខាភិបាល និងថែទាំមនុស្សចាស់ជរាផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន មានបុគ្គលិកប្រមាណ ៦ម៉ឺននាក់ ដែលមានជំនាញខាងវិស័យសំណង់ រួមទាំងផ្នែកស្ថាបត្យកម្ម ការសាងសង់ និងដឹកជញ្ជូន ហើយក្រុមហ៊ុនមានប្រាក់ចំណូលប្រមាណ ១០ពាន់លានដុល្លារអាមេរិក និងចំនេញសុទ្ធ ១៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

សម្រាប់គម្រោងវិនិយោគលើសណ្ឋាគារលំដាប់ផ្កាយ ៦នេះ គឺភាគីកម្ពុជាមានដី ភាគីចិនមានថវិកាសម្រាប់វិនិយោគសាងសង់ ហើយគម្រោងនេះ ក៏បានឆ្លើយតបទៅនឹងតម្រូវការផ្នែកសណ្ឋាគារលំដាប់កំពូលៗ ដែលភ្ញៀវទេសចរណ៍បរទេសមួយចំនួនធំ ត្រូវការផងដែរ៕

មតិយោបល់