ព័ត៌មានសេដ្ឋកិច្ច

ឡាវ រង់ចាំការបើកផ្លូវទឹក ទៅសមុទ្រជាលើកដំបូង ក្រោយកម្ពុជា បើកផ្លូវគោកនៅថ្ងៃ ១០ មករា

នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរ នៅថ្ងៃទី ១០ ខែមករា ហើយប្រទេសឡាវ នឹងមានសមុទ្រជាលើកដំបូងបង្អស់ នៅពេលដែលកម្ពុជា បើកឲ្យឡាវ ប្រើប្រាស់កំពង់ផែកម្ពុជា នាពេលខាងមុខ។

យោងតាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កម្ពុជា នឹងបើកឲ្យឡាវប្រើប្រាស់ផ្លូវគមនាគមន៍ និងកំពង់ផែកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញនាំចេញ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ការបើកឲ្យប្រើច្រកទ្វារត្រួតពិនិត្យព្រំដែនរវាង ត្រពាំងក្រៀល-ស្ទឹងត្រែង និង ណងណុកខៀន-ចម្ប៉ាសាក់ គឺបង្ហាញពីការរីកចម្រើនថ្មីមួយ ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែន ទេសចរ និងការតភ្ជាប់រវាងប្រទេសទាំងពីរ។

កម្ពុជា ក៏បានគាំទ្រប្រទេសឡាវ ក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុង ហើយឡាវក៏បានសន្យាលក់ថាមពលអគ្គិសនីតម្លៃថោកសមរម្យ​ មកឲ្យកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តមួយចំនួននៅតាមព្រំដែន។

គួរបញ្ជាក់ដែរថា ប្រទេសទាំងពីរក៏មានការផ្តល់អាហារូបករណ៍ដល់និស្សិត ដែលពីមុនមានចំនួនតែ ១០នាក់ ក្នុង១ឆ្នាំ ឡើងដល់ ១៥នាក់ក្នុង១ឆ្នាំ និងសម្រេចតម្លើងតម្លៃអាហារូបករណ៍ពី ១៥០ដុល្លារ មក ១៨០ដុល្លារអាមេរិកក្នុង១ខែ៕

មតិយោបល់