ព័ត៌មានសេដ្ឋកិច្ច

ស្ទឹងត្រែង ស្នងបន្តបុណ្យទន្លេអេកូទេសចរណ៍លើកទី ៣ នៅចុងខែមីនា

ខេត្តស្ទឹងត្រែង នឹងស្នងបន្តបុណ្យទន្លេលើកទី ៣ ដែលជាបុណ្យអេកូទេសចរណ៍ នឹងប្រារព្ធធ្វើឡើង នៅខែមីនា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ ក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា បុណ្យទន្លេ គឺបុណ្យអេកូទេសចរណ៍មួយ ដែលប្រទេសតាមដងទន្លេមេគង្គ ឬតាមដងទន្លេគង្គា ក្នុងប្រទេសឥណ្ឌា តែងប្រារព្ធធ្វើឡើង ដើម្បីរួមគ្នាថែរក្សាបរិស្ថាន ជីវចម្រុះ និងផ្សព្វផ្សាយពីប្រពៃណីទំនៀមទំលាប់របស់សហគមន៍ប្រជាជន តាមដងទន្លេ។

បច្ចុប្បន្ន ខេត្តស្ទឹងត្រែង មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បានយ៉ាងល្អ ពីតំបន់បេតិកភណ្ឌពិភពលោកវត្តភូ ប្រទេសឡាវ មកតំបន់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងប្រាសាទអង្គរវត្ត តាមផ្លូវជាតិលេខ ៩ថ្មី ដែលទេសចរភាគច្រើនកំពុងពេញនិយម។

លើសពីនេះទៅទៀត តំបន់នេះ ក៏មានរមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដូចជា ទឹកធ្លាក់ព្រះនិម្មិត និងសុភមិត្រ មានតំបន់ទេសចរណ៍ផ្សងព្រេង តាមដងទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក តំបន់ជម្រកសត្វស្លាបនៅសៀងប៉ាង ជម្រកសត្វនៃឧទ្យានជាតិវីរជ័យ ជាពិសេសតំបន់សត្វផ្សោតទន្លេមេគង្គ។

គួរជម្រាបដែរថា ខេត្តស្ទឹងត្រែង នៅមានសក្តានុពលទេសចរណ៍ជាច្រើនទៀត ដែលអាចរៀបចំជាសហគមន៍ទេសចរណ៍ ហើយបុណ្យទន្លេនេះ ជាឱកាសដ៏ល្អមួយ ជួយជម្រុញដល់ការអភិវឌ្ឍន៍ទឹកដី ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍៕

មតិយោបល់