ព័ត៌មានសេដ្ឋកិច្ច

ផ្សាយផ្ទាល់ថ្ងៃនេះ៖ ការបុកគ្រឹះលំនៅដ្ឋានតម្លៃទាប-មធ្យម ចម្ងាយ ៨គីឡូម៉ែត្រពីក្រុងតាខ្មៅ

នៅរសៀលថ្ងៃនេះ ភ្នាក់ងារសារព័ត៌មាន Post Business នឹងធ្វើការផ្សាយផ្ទាល់ពី ការបុកគ្រឹះលំនៅដ្ឋានតម្លៃទាបមធ្យម ដែលស្ថិតនៅចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីក្រុងតាខ្មៅ ក្រោមអធិបតីភាពរបស់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោងលំនៅដ្ឋានតម្លៃទាបមធ្យម មានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីរង្វង់ក្រុងតាខ្មៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

លំនៅដ្ឋានតម្លៃទាបមធ្យម អាចនឹងមានតម្លៃប្រមាណ ២ម៉ឺនទៅ ២ម៉ឺន៥ពាន់ដុល្លារអាមេរិក ដែលអនុញ្ញាតិឲ្យអ្នកទិញបង់រំលោះត្រឹមតែ ៨០ដុល្លារក្នុងមួយខែ រហូតដល់ទៅ ២០ឆ្នាំ។

គម្រោងលំនៅដ្ឋានតម្លៃទាបមធ្យមគឺ មានលក្ខខណ្ឌពិសេសជាច្រើន ដែលក្រុមហ៊ុនសហការជាមួយរាជរដ្ឋាភិបាល បានរៀបចំសម្រាប់ប្រជាជនមានជីវភាពទាបមធ្យមអាចទិញបាន នឹងធានាមិនមានការទិញសម្រាប់លក់បន្ត ឬរកផលចំនេញដោយអ្នកមាននោះទេ។

ផ្អែកតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ប្រជាជនដែលមានចង់ទិញលំនៅឋាននេះ គឺតម្រូវឲ្យពួកគេមានគ្រួសារ មានប្រាក់ខែក្រោម ៥០០ដុល្លារ និងរស់នៅក្នុងផ្ទះនោះរហូតដល់ ៥ឆ្នាំយ៉ាងតិច និងគ្មានសិទ្ធិលក់បន្តនោះទេ ហើយលក្ខខណ្ឌបន្ថែមទៀត ក្រុមហ៊ុនកំពុងសិក្សាបន្ថែមជាមួយរាជរដ្ឋាភិបាល។

គួរជម្រាបដែរថា គម្រោងសាងសង់លំនៅដ្ឋានតម្លៃទាបមធ្យម ត្រូវបានធ្វើឡើងដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា មិនគិតលើចំណេញពេកទេ គឺធ្វើដើម្បីការងារមនុស្សធម៌៕

មតិយោបល់