ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា នឹងចាប់ផ្តើមផលិតប្រេងនៅឆ្នាំ ២០១៩ ក្នុងប្លុក A និង B ដោយក្រុមហ៊ុនសិង្ហបុរី

កម្ពុជា នឹងចាប់ផ្តើមផលិតប្រេង នៅឆ្នាំ ២០១៩ ខាងមុខនេះ ដោយក្រុមហ៊ុនសិង្ហបុរី ដែលអាចផលិតប្រេងកាតបាន ៣១លានបារ៉ែល នៅដំណាក់កាលទី១ ក្នុងប្លុក A និង B ខណៈប្លុក C ក្រុមហ៊ុនម៉ាឡេស៊ី កំពុងសិក្សាស្រាវជ្រាវ និងប្លុកផ្សេងទៀតមានក្រុមហ៊ុនបរទេស កំពុងដាក់ពាក្យសុំរុករកបន្ថែម។

លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា បានរកឃើញតំបន់មានប្រេងកាតទាំងសមុទ្រ និងលើគោកមានចំនួន ២៥ប្លុក ដែលអាចផលិតប្រេង បានចំនួន ៥លានតោនក្នុងមួយឆ្នាំៗ។

តំបន់ប្រេងក្នុងសមុទ្រ គឺមានចំនួន ៦ប្លុក គឺប្លុក A.B.C.D.E និង F ប៉ុន្តែប្លុក A និង B នឹងចាប់ផ្តើមផលិតនៅឆ្នាំ ២០១៩ខាងមុខ ដោយក្រុមហ៊ុនគ្រីសរបស់ប្រទេសសិង្ហបុរី ដែលអាចផលិតនូវ ដំណាក់កាលទី១ បានចំនួន ៣១លានបារ៉ែល ហើយប្លុក C មានក្រុមហ៊ុនម៉ាឡេស៊ីកំពុងសិក្សាស្រាវជ្រាវ និងប្លុកមួយចំនួនទៀត មានក្រុមហ៊ុនផ្សេងកំពុងដាក់ពាក្យសុំរុករកស្រាវជ្រាវ នាពេលឆាប់ៗនេះផងដែរ។

ដោយឡែកសម្រាប់តំបន់ប្រេងនៅលើគោកវិញ គឺគេបានរកឃើញនៅ ខេត្តកំពង់ធំ ដោយមានចំនួន ១៩ប្លុក ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនភីត្រូ របស់វៀតណាម កំពុងបានដាក់ពាក្យសុំសិក្សាស្រាវជ្រាវ ហើយចំនួន ១៨ប្លុកទៀត គឺពុំទាន់មានក្រុមហ៊ុនណាមួយស្ម័គ្រចិត្តចូលធ្វើការសិក្សានៅឡើយ។

លោក ស៊ុយ សែម បានបន្ថែមទៀតថា អាជ្ញាធរនឹងរៀបចំឲ្យបានល្អប្រសើរ និងងាយស្រួលដល់ការ ដឹកជញ្ជូន ហើយធ្វើបំពង់បង្ហូរប្រេងពី ខេត្តព្រះសីហនុ មក រាជធានីភ្នំពេញ និងខេត្តមួយចំនួន ដែលពាក់ព័ន្ធផងដែរ។

គួរជម្រាបថា នៅដើមឆ្នាំ ២០១៨ខាងមុខនេះ ក្រសួងរ៉ែនិងថាមពល នឹងដាក់សេចក្តីព្រៀងច្បាប់ស្តីពី ប្រេងកាតនៅកម្ពុជា ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងអនុម័ត៕

មតិយោបល់