ក្រុមហ៊ុនចិន Yunnan Sengmao Investment បានបោះទុនវិនិយោគប្រមាណ ៦០លានដុល្លារអាមេរិក សាងសង់មជ្ឈមណ្ឌលផ្គត់ផ្គង់គ្រឿងសំណង់ នៅសង្កាត់ឬស្សីកែវ។ នេះបើយោងតាមការឲ្យដឹងពី សេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ។
ក្រុមហ៊ុនចិន ក៏បានចុះកិច្ចសន្យាជួលដីទំហំជាង ៩ហិកតា ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ សម្រាប់រយៈពេល ៤០ឆ្នាំ ហើយក្រុមហ៊ុននឹងបង្កើតស្តង់ប្រមាណជា ៧០០ស្តង់ សម្រាប់ជួលឲ្យអ្នកផ្គត់ផ្គង់គ្រឿងសំណង់ក្នុងស្រុក និងក្រៅស្រុក។
តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននេះ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន និងមានសាខានៅប្រទេសឡាវ មជ្ឈមណ្ឌលនេះរំពឹងនិងនាំចូលសម្ភារៈសំណង់ជាច្រើន មកកម្ពុជា ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនៅកម្ពុជា។
មជ្ឈមណ្ឌលផ្គត់ផ្គង់គ្រឿងសំណង់នេះ នឹងធ្វើឲ្យចរាចរណ៍ទំនិញ តាមកំពង់ផែមានប្រមាណ ២ម៉ឺន TEU ក្នុងមួយឆ្នាំ តាមរយៈការនំាចូលគ្រឿងសំណង់ពីចិន មកផ្គត់ផ្គង់នៅកម្ពុជា។
គួរជម្រាបផងដែរថា មជ្ឈមណ្ឌលនេះ នឹងផ្តល់ការងារប្រមាណ ៥ពាន់កន្លែង នឹងជួយលើកស្ទួយកម្រិតជីវភាពប្រជាជន ដែលរស់នៅជុំវិញតំបន់នោះផងដែរ៕
មតិយោបល់