មហាសេដ្ឋីឥណ្ឌា Ajay Munot បានសម្រេចចិត្តដកលុយសម្រាប់រៀបចំអាពាហ៌ពិពាហ៌កូនស្រីរបស់គាត់ ប្រមាណជាង ១សែនដុល្លារអាមេរិក ដើម្បីយកទៅសាងសង់ផ្ទះ ៩០ខ្នង បរិច្ចាគជូនជនអនាថា។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ BI ចេញផ្សាយកាលពីពេលថ្មីៗនេះ។
លោក Ajay Munot ជាមហាសេដ្ឋីមួយរូប ដែលបោះដុំសម្លៀកបំពាក់ នៅក្នុងសង្កាត់ Aurangabad ភាគខាងកើតនៃប្រទេសឥណ្ឌា បានសាងសង់ផ្ទះប្រមាណ ៩០ខ្នងជូនជនអនាថា ទុកជាកាដូសម្រាប់អាពាហ៌ពិពាហ៌កូនស្រី ហើយកូនស្រីរបស់គាត់ ក៏សប្បាយចិត្តនឹងទឹកចិត្តសប្បុរសធម៌នេះដែរ។
ផ្ទះ ៩០ខ្នងនេះ ត្រូវបានសាងសង់លើផ្ទៃដី ២អា នឹងជ្រើសរើសជនអនាថា តាមលក្ខខណ្ឌមួយចំនួនគឺ ជាអ្នកក្រ ដែលកំពុងរស់នៅតំបន់អនាធិបតេយ្យ និងគ្មានសារធាតុញៀនក្នុងខ្លួនឡើយ។
ជនអនាថា ដែលបានចូលមកនៅផ្ទះថ្មីនេះ បានបង្ហាញពីអារម្មណ៍រីករាយ ដោយមិនជួបប្រទះបញ្ហាកង្វះខាតទៀត ដូចជាទឹកស្អាត អគ្គិសនី និងជម្រកសមរម្យជាដើម។
គួរជម្រាបផងដែរថា ឥណ្ឌា មានជនអនាថាគ្មានផ្ទះសម្បែងប្រមាណ ៧៨លាននាក់ ដែលក្នុងនោះមានកុមារ ១១លាននាក់ផងដែរ ខ្វះខាតផ្ទះប្រមាណ ១៨លានខ្នង៕
មតិយោបល់