ព័ត៌មានសេដ្ឋកិច្ច

ផ្លូវរថភ្លើងថ្មី តភ្ជាប់ព្រលានយន្តហោះ-តំបន់សេដ្ឋកិច្ចពិសេស គ្រោងចាប់ផ្តើមនៅឆ្នាំ ២០១៨

គម្រោងតភ្ជាប់ផ្លូវរថភ្លើងធនស្រាលចំនួន ២ខ្សែ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្រោងចាប់ផ្តើមសាងសង់នៅខែ មីនា ឆ្នាំ ២០១៨ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីម្សិលមិញនេះ។

ក្នុងជំនួបពិភាក្សាការងារស្តីអំពីការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើង ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ធ្វើឡើងកាលពីម្សិលមិញនេះ នៅក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងតភ្ជាប់ផ្លូវរថភ្លើងនេះ គ្រោងធ្វើឡើងនៅខែមីនា ឆ្នាំ ២០១៨ ខណៈពេលកំពុងសិក្សាលទ្ធភាពសាងសង់ និងរិះរកមធ្យោបាយអនុវត្តការផ្តល់សេវានេះ ឲ្យបានលឿនតាមតែអាចធ្វើទៅបាន។

លើសពីនេះ ក៏មានគម្រោងផ្តល់សេវារថយន្តក្រុងពី ស្ថានីយរថភ្លើងភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ផងដែរ។

ចំនែកឯ ការសាងសង់ផ្លូវរថភ្លើងបំបែក ចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺមានប្រវែងតែ ៣០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវដែកដែលមានស្រាប់នៅខាងក្រៅរបងរបស់តំបន់សេដ្ឋកិច្ចពិសេស ដូច្នេះវាមានភាពងាយស្រួល។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដែរថា ខ្សែផ្លូវដែកភាគខាងជើងរបស់ប្រទេសកម្ពុជា រំពឹងនឹងអាចបញ្ចប់នៅចុងឆ្នាំនេះ ហើយអាចចាប់ផ្តើមសាងសង់បំបែកចូលតំបន់សេដ្ឋកិច្ចពិសេស ដែលជួយកាត់បន្ថយចំណាយក្នុងការធ្វើដំណើររបស់កម្មករ និងចំណាយលើថ្លៃដឹកជញ្ជូនទំនិញផងដែរ។

លោកបានបន្តថា ខ្សែរថភ្លើងធនស្រាលនេះ នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ របស់ប្រជាពលរដ្ឋ ដែលត្រូវការធ្វើដំណើរទៅមករវាង ភ្នំពេញ-ព្រលានយន្តហោះភ្នំពេញ-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បើទោះបីជាវាមានល្បឿនយឺតក៏ដោយ។

យ៉ាងណាមិញ គម្រោងនេះ កំពុងរង់ចាំផែនការច្បាស់លាស់ ខណៈផ្លូវរថភ្លើងថ្មីនេះ អាចនឹងរត់នៅលើផ្លូវចាស់ ទៅកាន់ខេត្តព្រះសីហនុ ដែលឆ្លងកាត់ព្រលានយន្តហោះដូចគ្នា ហើយកំពុងតែរកកន្លែងសមស្រប ដើម្បីចូលទៅកាន់ព្រលានយន្តហោះ៕

មតិយោបល់