សាលារាជធានីភ្នំពេញ គ្រោងនឹងបញ្ឈប់រថយន្តឈ្នួល និងរថយន្តធំៗ លែងឲ្យមានសកម្មភាពចេញចូលទីក្រុងភ្នំពេញហើយ ដើម្បីសម្រួលដល់ចរាចរណ៍ក្នុងទីក្រុង។ នេះបើយោងតាមការឲ្យដឹងពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
គម្រោងនេះ អាចនឹងធ្វើឡើងក្នុងឆ្នាំ ២០១៧ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់សេវារថយន្តក្រុងសាធារណៈ និងពង្រីកខ្សែរត់បន្ថែមឲ្យបាន ១០ខ្សែផងដែរ។
គិតចាប់ពីខែមករា ដល់ វិច្ឆិកា ឆ្នាំ ២០១៦ សេវារថយន្តក្រុងសាធារណៈ បានប្រើដល់អ្នកដំណើរជាង ២លាននាក់ ដែលអ្នកដំណើរបង់ប្រាក់មានប្រមាណ ១លាន៣សែននាក់។
ក្នុងនោះដែរ អ្នកដំណើរមិនបង់ប្រាក់មានប្រមាណ ៨សែននាក់ រួមមានព្រះសង្ឃ សិស្ស និស្សិត ជនពិការ កុមារកម្ពស់ក្រោម ១ម៉ែត្រ និងចាស់ជរា។
ខ្សែរថយន្តទាំង ៣ខ្សែ ប្រើប្រាស់រថយន្តសរុប ៥៧គ្រឿង ទទួលអ្នកដំណើរជាមធ្យមជាង ៦ពាន់នាក់ ក្នុងមួយថ្ងៃ តែយ៉ាងណាមិញ រថយន្ត ១៤គ្រឿង ត្រូវបានត្រៀមបម្រុងជំនួសឡានដែលខូច។
គួរជម្រាបដែរថា សេវារថយន្តក្រុងសាធារណៈ រំពឹងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋកម្ពុជា ដើម្បីប្រើប្រាស់សេវាដឹកជញ្ជូនរួមនេះ និងកាត់បន្ថយការប្រើប្រាស់សេវាឯកជនឲ្យបានច្រើនថែមទៀត៕

មតិយោបល់