មានការភ្ញាក់ផ្អើលគួរសមបន្ទាប់ពីតារាសម្ដែងជើងចាស់ល្បីឈ្មោះ លោក ចារ រិទ្ធី ត្រូវបានគេទម្លាយថាត្រូវផលិតករ មកពីផលិតកម្មមួយបោកលុយ ដោយអោយលោកសម្ដែងចប់កន្លះឆ្នាំមកហើយ មិនព្រមបើកលុយអោយលោក។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ លោកចារ រីទ្ធី ទទួលស្គាល់ការពិត និងចាត់ទុកថានេះ ជាការបោកប្រាស់ដែលលោកមិនអាចទទួលយកបាន។
តារាសិល្បៈមួយក្រុម ដែលបានសម្ដែងវីដេអូភាគមួយរបស់ទូរទស្សន៍CTN បានអះអាងថាក្រោយពេលសម្ដែង ក្នុងរឿងនោះចប់ ផលិតករបានប្រើចរិតគេចៗមិនបើកតម្លៃខ្លួន ដែលបានសម្ដែងអោយនោះទេ ដោយក្នុងចំណោមតារាភាគច្រើន ដែលមិនទទួលបានលុយកាក់ថ្លៃសម្ដែង ក្រោយថតចប់ប្រមាណកន្លះឆ្នាំមកហើយ គឺលោកចារ រិទ្ធី ត្រូវបានផលិតករ ជំពាក់លុយច្រើនជាងគេ។ តារាទាំងនោះនិយាយថាខ្សែរឿងនោះ មិនមែនបោះទុនដោយទូរទស្សន៍CTN ទេ ប៉ុន្តែជាការផលិតដោយផលិតករខាងក្រៅប៉ុស្ដិ៍ ហើយCTN ទិញសិទ្ធិយកទៅបញ្ចាំង ទើបបញ្ហាមិនបើកលុយអោយតួមិនមែន ជាបន្ទុករបស់CTN ។ រឿងនោះត្រូវបានទម្លាយថា សម្ដែងដោយ កញ្ញានី មុន្នីនាថ និងលោក ជា លាងឆេ ដោយត្រូវបានបញ្ចាំងនៅទូរទស្សន៍CTN តាំងពីអំឡុងខែតុលាឆ្នាំ២០១៦។ យ៉ាងណាមិញ មិនមានអ្នកណាម្នាក់ ទម្លាយកញ្ញានី មុន្នីនាថ ជាតារារងគ្រោះត្រូវផលិតករបោកលុយនោះទេ ប៉ុន្តែសម្រាប់តារាភាគច្រើន ដូចជា កញា សឿន ផាភួង និងលោក ចារ រិទ្ធី ត្រូវបានទម្លាយថាផលិតកររឿងនេះ មិនបើកលុយអោយ។
លោកចារ រិទ្ធី បានអះអាងថានេះ ជាលើកទី១ដែលលោកទទួលសម្ដែងអោយផលិតករ មួយក្រុមនោះ ហើយចុងក្រោយក៏ត្រូវផលិតករ មួយនោះមិនបើកលុយអោយ។ លោកថាតម្លៃខ្លួនត្រឹមតែ១៥០០ដុល្លារប៉ុណ្ណោះ តែផលិតករ បែរជាមិនព្រមដោះស្រាយ ដោយបន្តគេចៗ និងបិទទូរស័ព្ទរាល់ពេលសាកសួររឿងលុយ។ លោកនិយាយថា «រឿងហ្នឹងគេបញ្ចាំនៅCTN ហើយ ហើយខ្ញុំអត់ចង់បញ្ចេញឈ្មោះរឿងហ្នឹងទេ កុំអោយខូចរឿងប៉ុស្ដិ៍គេ ប៉ុន្តែខ្ញុំចង់ប្រាប់ថាបើចង់បោកញើសឈាមខ្ញុំ១៥០០(ដុល្លារ)ហ្នឹង ក៏ល្អមើលដែរ ហើយមិនតែខ្ញុំទេ ដែលផលិតករហ្នឹងធ្វើចឹង តួផ្សេងៗដែលថតចប់គឺភាគច្រើនសុទ្ធតែអត់បានលុយ!»។ លោកថាផលិតករ ដែលបោកលុយលោក និងតួមួយចំនួន ពេលនេះបានរត់ទៅសហការផលិតករឿង អោយទូរទស្សន៍ PNN ២រឿង ដោយលោកប្រកាសថានឹងធ្វើការទម្លាយ ពីផលិតករនោះអោយអស់ បើនៅតែមិនព្រមដោះស្រាយបំណុលថ្លៃថតចំនួន១៥០០ដុល្លារអោយលោក។ លោកនិយាយថា បើអត់ខ្លាំងណាស់ គួរតែហាមាត់សុំលោក ប៉ុន្តែបើនិយាយសម្ដីលូយ ហើយចុងក្រោយសន្យាបានត្រឹមតែខ្យល់ រួចក៏គេចមិនធ្វើការដោះស្រាយ នោះលោកនឹងបកអាក្រាត៕






















មតិយោបល់