ព័ត៌មានសេដ្ឋកិច្ច

រុស្ស៊ី នឹងរៀបចំ មជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ នៅសាលាតិចណូ

កម្ពុជា បាននិងកំពុងជម្រុញ រុស្ស៊ី ឲ្យរៀបចំមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ។

រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បាននិងកំពុងពិភាក្សាជាបន្ត លើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឲ្យគោលបំណងសន្តិភាព ដោយគ្រោងនឹងរៀបចំមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ នៅកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក៏គ្រោងបញ្ជូននិស្សិតកម្ពុជា ទៅសិក្សាផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរ នៅសហព័ន្ធរុស្ស៊ី។

លើសពីនេះទៅទៀត កម្ពុជា ក៏បានលើកឡើងពី ការប្រើប្រាស់វិទ្យុអ៊ីសូតុប ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងវិស័យវេជ្ជសាស្រ្ត កសិកម្មនិងឧស្សាហកម្ម ការផលិតអគ្គិសនីពីថាមពលនុយក្លេអ៊ែរ ព្រមទំាងការបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញបច្ចេកទេស។

ការប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឲ្យគោលបំណងសន្តិភាព បានកើនឡើងជាប្រចាំក្នុងវិស័យជាច្រើនដូចជា កសិកម្ម និងស្បៀងអាហារ វេជ្ជសាស្រ្ត ឧស្សាហកម្ម ផលិតកម្មអគ្គិសនី សំណង់ និងបរិស្ថានជាដើម។

គួរជម្រាបដែរថា បច្ចុប្បន្ននេះ ប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងខិតខំសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនុយក្លេអ៊ែរ និងអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងទិសដៅលើកកម្ពស់សុខភាពមនុស្ស បង្កើនស្តង់ដាជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែកឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ៕

មតិយោបល់