សិង្ហបុរី គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនទៅ ម៉ាឡេស៊ី ចំណាយពេលត្រឹមតែ ៩០នាទី។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Channel News Asia។
យោងតាមសេចក្តីប្រកាសកាលពីព្រឹកមិញនេះ អាជ្ញាធរផ្នែកដឹកជញ្ជូនផ្លូវគោក បានប្រគល់សិទ្ធ ឲ្យក្រុមហ៊ុន AECOM នៅសិង្ហបុរី សិក្សាលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីសិង្ហបុរី ទៅ កូឡាឡាំពួរ។
AECOM ជាក្រុមហ៊ុនវិស្វកម្មរបស់អាមេរិក នឹងត្រូវផ្គត់ផ្គង់ផ្នែកស្ថាបត្យកម្មស៊ីវិល អគ្គិសនី មេកានិច និងសេវាកម្មផ្សេងៗ ទៅតាមតម្រូវការដូចជា សាងសង់ផ្លូវ សាងសង់ផ្លូវក្នុងរូងដី និងសាងសង់ផ្លូវឆ្លងកាត់ច្រកសមុទ្រ Johor។
ផ្លូវរថភ្លើងសិង្ហបុរី ទៅកូឡាឡាំពួរនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ប្រទេសទាំងពីរ មានប្រវែង ៣៥០គីឡូម៉ែត្រ ត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់នៅឆ្នាំ ២០២៦។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធ្លាប់មានបទពិសោធន៍លើ គម្រោងសាងសង់ផ្លូវល្បឿនលឿនអន្តរជាតិ(ឆ្លងកាត់ប្រទេស) ក្នុងនោះរួមមាន ការរៀបចំ គម្រោងសាងសង់ឌីហ្សាញ គម្រោងសាងសង់ស្ថានីយ៍ សាងសង់ផ្លូវដែកល្បឿនលឿននៅចក្រភពអង់គ្លេស និងសាងសង់ផ្លូវ Kowloon ខាងលិចដែលជាផ្លូវដែក សម្រាប់ភ្ជាប់ទៅកាន់ហុងកុងផងដែរ៕
មតិយោបល់