គម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ជំហានទី ២ សម្រេចការងារបានប្រមាណ ៩៩ភាគរយហើយ ដែលនឹងផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់ ៣ខេត្ត រួមមានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប។ នេះបើយោងតាមការចេញផ្សាយកាលពីម្សិលមិញនេះ របស់ក្រសួងធនធានទឹក និងឧតុនិយម។
ការសាងសង់ទំនប់អាងទឹកប្រវែង ២,៨០០ម៉ែត្រ តភ្ជាប់ពីភ្នំកំបោរ ទៅភ្នំរូងដែក មានសមត្ថភាពស្តុកទឹកបាន ២៥៩លានម៉ែត្រគូប ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅខែមីនា ឆ្នាំ ២០១៧ខាងមុខនេះ។
គម្រោងនេះ ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលដើរតួនាទីកាត់បន្ថយទឹកជំនន់ និងអាចផ្តល់ទឹកសម្រាប់យកទៅផ្គត់ផ្គង់ដីស្រែ ជាង ២៥,០០០ហិកតា ក្នុងខេត្តចំនួន ៣ ដូចរៀបរាប់ខាងលើ។
គួរបញ្ជាក់ដែរថា កាលពីម្សិលមិញនេះ គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង ដែលជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តដ៏ធំ ស្ថិតក្នុងខេត្តបាត់ដំបង ក៏សម្រេចការងារបានប្រមាណ ៩៨ភាគរយដែរ៕
មតិយោបល់