ព័ត៌មានសេដ្ឋកិច្ច

ម៉ុង ឫទ្ធី បន្តសាងសង់ផ្ទះថ្មីបន្ថែម ជូនប្រជាពលរដ្ឋក្រីក្រ ទោះបីជា អាជីវកម្មរអាក់រអួល

លោកឧកញ៉ា ម៉ុង ឫទ្ធី​ បាននិងកំពុងសាងសង់ផ្ទះថ្មថ្មី ២០ល្វែងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនក្រីក្រ បើទោះបីជា អាជីវកម្មរបស់លោក កំពុងតែរអាក់រអួលបន្តិចក៏ដោយ។ នេះបើយោងតាមការឲ្យដឹងថាពីគេហទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ម៉ុង ឫទ្ធី។

លោកឧកញ៉ា បាននិងកំពុងជម្រុញការងារសាងសង់ផ្សារលក់កសិផល និងកាហ្វេដូងប្រេង ហើយពិនិត្យមើលដូងប្រេង ដែលប្រមូលផលបានពី ៥០០ ទៅ ៦០០តោនក្នុង១ថ្ងៃ តែជាអកុសល រោងចក្រខូច ត្រូវផ្អាកដំណើរការផលិត ធ្វើឲ្យកកស្ទះសល់ផ្លែដូងនៅក្នុងស្តុកជាង ២០០០តោន។

កាលពីឆ្នាំ ២០១៦កន្លងទៅ លោកបានសាងសង់ផ្ទះ ១០៦ល្វែង នឹងបន្ថែម ២០ល្វែងទៀត កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧នេះ ដោយសារមានកំណើនប្រជាជនចំណាកស្រុក មកសុំរស់នៅ ក្នុងសហគមន៍ ម៉ុង ឫទ្ធី។

ក្រៅពីការសាងសង់ផ្ទះចែកជូនប្រជាជនដោយឥតគិតថ្លៃ លោក ក៏បានសាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក តបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ដើម្បីជួយដោះស្រាយរាល់បញ្ហារបស់ប្រជាជន។

គួរជម្រាបដែរថា លោកឧកញ៉ា បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តក្នុងសហគមន៍ ម៉ុង ឫទ្ធី គ្មានគ្រឿងញៀន គ្មានគ្រឿងស្រវឹង គ្មានល្បែងស៊ីសង គ្មានអំពើហិង្សាក្នុងគ្រួសារ មានទឹកភ្លើង មានពេទ្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ និងមានផ្ទះស្នាក់នៅប្រកបដោយផាសុកភាព៕

មតិយោបល់