បើទោះជាមានជំនួយជាថវិកាពីសំណាក់សប្បុរសជន និងមានការយកចិត្តទុកដាក់ជាងមុនពីក្រុមគ្រូពេទ្យ ក៏ស្ថានភាពជំងឺមហារីករបស់ភរិយាលោករិន សាវ៉េត នៅតែមិនទាន់សម្លឹងឃើញពីលទ្ធផលវិជ្ជមាននៅឡើយទេ។ លោកថាស្ថានភាពចុងក្រោយគឺក្រុមគ្រូពេទ្យដុតដៃដុតជើង ប៉ុន្តែលោកថាត្រៀមខ្លួនរួចហើយដោយសារតែជំងឺរបស់ភរិយាគឺទោះជាត្រូវព្យាបាលក៏មិនជានោះដែរ។
លោក រិន សាវ៉េត បានសម្ដែងការដឹងគុណដល់សប្បុរសជនដែលផ្ដល់ជំនួយហូរហែរ បន្ទាប់ពីបានដឹងថាខ្វះលុយកាក់ ហើយភរិយាក៏កើតជំងឺមហារីកដើមទ្រូងនៅក្នុងដំណាក់កាលចុងក្រោយ។ លោកថាដុំសាច់ដែលរីកធំនោះនៅចំចំណុចសំខាន់ ដែលមិនអាចអោយពេទ្យវះកាត់បាន ទើបលោកមិនទាន់ដឹងថាជំងឺរបស់ភរិយានឹងឈានដល់ចំណុចណានោះទេ បើទោះជាបានទទួលការព្យាបាលដោយបច្ចេកទេសល្អៗពីក្រុមគ្រូពេទ្យ។
មកទល់ម៉ោងនេះ គ្រូពេទ្យមិនហ៊ានវះកាត់ដុំសាច់មួយនោះបានទេ តែស្វះស្វែងរកវិធីសម្លាប់មេរោគតាមបច្ចេកទេសផ្សេង ដោយលោករំពឹងថានឹងអាចធូរស្រាល។ យ៉ាងណាមិញ លោកថាមិនមានសង្ឃឹមច្រើនទេ ដោយសារតែខាងគ្រូពេទ្យក៏បានប្រាប់ថាភរិយារបស់លោកមិនអាចជា និងមិនអាចដូចមនុស្សដែលមានសុខភាពមាំទាំ១០០ភាគរយក្រោយការព្យាបាល។ លោកថាគ្រូពេទ្យបានជំរុញអោយលោក និងក្រុមគ្រួសារធ្វើអោយអ្នកជំងឺសប្បាយចិត្ត ដោយលោកបញ្ជាក់ថាខ្លួនត្រៀមចិត្តប្រឈមនឹងលទ្ធផលរួចហើយ ដោយសារតែបានដឹងថាជំងឺមហារីករបស់ភរិយាស្ថិតដល់ដំណាក់ធ្ងន់ធ្ងរដែលពិបាកព្យាបាល។
លោករិន សាវ៉េត បញ្ជាក់ថាអរណាស់ សប្បាយចិត្តណាស់ ដែលលោកបានទទួលជំនួយជាថវិកាក្នុងការព្យាបាលភរិយា ស្របគ្នាដែលលោកធ្លាក់ខ្លួនអត់លុយអត់កាក់ សឹងនឹងមិនមានថ្លៃធ្វើដំណើរជូនភរិយាមកកាន់មន្ទីរពេទ្យ។ លោកថាជំងឺរបស់ភរិយាកើតមានយូរហើយ ប៉ុន្តែមកពីចេះតែមិនចាប់អារម្មណ៍ ហើយស្របគ្នានឹងលទ្ធភាពរកប្រាក់ក៏មិនសូវមានផង ទើបបណ្ដោយអោយដល់សភាពធ្ងន់។ លោកថាត្រៀមចិត្តទទួលយកគ្រប់យ៉ាងចំពោះលទ្ធផលចុងក្រោយ តែលោកក៏មានជំនឿថាបច្ចេកទេសព្យាបាលរបស់ពេទ្យខ្មែរ នឹងជួយអោយភរិយារបស់លោកបានធូរជាងមុនវិញដែរ បើទោះជាដុំសាច់មហារីកនោះដល់ដំណាក់វះកាត់មិនកើតបែបនេះ៕
មតិយោបល់