ព័ត៌មានសេដ្ឋកិច្ច

ម៉ុង ឫទ្ធី៖ អភិវឌ្ឍន៍លំនៅដ្ឋាន សម្រាប់ជីវិតចុងក្រោយរបស់មនុស្សចាស់

លោកឧកញ៉ា ម៉ុង ឫទ្ធី​ បាននិងកំពុងសាងសង់ផ្ទះជាច្រើនខ្នង ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនក្រីក្រ ព្រមទាំងបង្កើតជាលំនៅដ្ឋានសម្រាប់មនុស្សចាស់ផងដែរ ខណៈបច្ចុប្បន្ននេះ លោក កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង។ នេះបើយោងតាមការឲ្យដឹងថាពីគេហទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ម៉ុង ឫទ្ធី។

លោក ធ្លាប់បានសាងសង់ផ្ទះជាច្រើនខ្នង ជូនដល់ប្រជាជនក្រីក្រជាច្រើនគ្រួសារ ហើយបច្ចុប្បន្ន លោក​នៅតែបន្តការសាងសង់ទៀត ដើម្បីផ្គត់ផ្គង់បន្ថែមដល់ប្រជាជនក្រីក្រ ព្រមទាំងបង្កើតជាលំនៅដ្ឋានសម្រាប់មនុស្សចាស់ទៀតផង។

កាលពីឆ្នាំ ២០១៦កន្លងទៅ លោកបានសាងសង់ផ្ទះ ១០៦ល្វែង នឹងបន្ថែម ២០ល្វែងទៀត កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧នេះ ដោយសារមានកំណើនប្រជាជនចំណាកស្រុក មកសុំរស់នៅ ក្នុងសហគមន៍ ម៉ុង ឫទ្ធី។

ក្រៅពីការសាងសង់ផ្ទះចែកជូនប្រជាជនដោយឥតគិតថ្លៃ លោក ក៏បានសាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក តបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ដើម្បីជួយដោះស្រាយរាល់បញ្ហារបស់ប្រជាជន។

គួរជម្រាបដែរថា លោកឧកញ៉ា បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តក្នុងសហគមន៍ ម៉ុង ឫទ្ធី គ្មានគ្រឿងញៀន គ្មានគ្រឿងស្រវឹង គ្មានល្បែងស៊ីសង គ្មានអំពើហិង្សាក្នុងគ្រួសារ មានទឹកភ្លើង មានពេទ្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ និងមានផ្ទះស្នាក់នៅប្រកបដោយផាសុកភាព៕

មតិយោបល់