ព័ត៌មានសេដ្ឋកិច្ច

ស្ពានជ្រោយចង្វារបិទចរាចរណ៍ ២ឆ្នាំ និងចំណាយ ៣៣លានដុល្លារដើម្បីជួសជុល

ស្ពានជ្រោយចង្វារចាស់ គ្រោងនឹងចំណាយប្រមាណ ៣៣លានដុល្លារអាមេរិក និងបិទចរាចរណ៍ ២ឆ្នាំដើម្បីចាប់ផ្តើមជួសជុលឡើងវិញ ដោយបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី ១៥ ខែកញ្ញា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានជួបប្រជុំជាមួយ អង្គការ JICA លើគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ ជាច្រើនចំណុច ដែលក្នុងនោះ គម្រោងស្តារស្ពានជ្រោយចង្វារ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែក្រោយនេះ ហើយគ្រោងនឹងបញ្ចប់នៅខែ កក្កដា ឆ្នាំ ២០១៩។

យ៉ាងណាមិញ ចំពោះការបិទចរាចរណ៍ស្ពានចាស់ គឺត្រូវរៀបចំចរាចរណ៍នៅលើស្ពានជ្រោយចង្វារថ្មី ឲ្យប្រជាពលរដ្ឋអាចឆ្លងកាត់ទៅមកបាន ដែលទាមទារពេលវេលាសមរម្យមួយ មុននឹងអាចចាប់ផ្តើមបាន។

ចំពោះចរាចរណ៍ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ស្ពានជ្រោយចង្វារទី ២ តាមទិសដៅសញ្ញាចរាចរណ៍ និង/ឬ ការសម្របសម្រួលពី សមត្ថកិច្ចនគរបាលចរាចរណ៍។

បច្ចុប្បន្ន ស្ពានជ្រោយចង្វារចាស់ មានសភាពចាស់ទ្រុឌទ្រោម ដែលទទួលរងនូវការខូចខាត ទាមទារឲ្យមានការជួសជុលឡើងវិញ​ ដោយតម្រូវឲ្យបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង ដើម្បីបង្កភាពងាយស្រួលដល់ការអនុវត្តគម្រោងជួសជុល។

គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារចាស់ មានប្រវែង ៧០៩ម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលឡើងវិញ តែដោយសារបញ្ហាកកស្ទះចរាចរណ៍ ទើបពន្យារពេលជួសជុលមកទល់ពេលនេះ៕

ស្ពានជ្រោយចង្វារថ្មី ធ្វើអំពីដែកបេឡេ នឹងតភ្ជាប់ផ្លូវជាតិលេខ ៥ ទៅផ្លូវជាតិលេខ ៦អា

មតិយោបល់