ព័ត៌មានសេដ្ឋកិច្ច

ជីនយូតាំង គ្រោងបោះទុន ១០លានដុល្លារ អភិវឌ្ឍន៍វិស័យវារីវប្បកម្មនៅកម្ពុជា

ក្រុមហ៊ុនចិន ជីនយូតាំង គ្រោះនឹងបោះទុន ១០លានដុល្លារអាមេរិក វិនិយោគលើវិស័យវារីវប្បកម្ម ជុំវិញបឹងទន្លេសាប និងនៅខេត្តព្រះសីហនុ ជាប់សមុទ្រតែម្តង។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

គោលដៅរបស់ក្រុមហ៊ុន គឺមកធ្វើការពង្រីកវិស័យវារីវប្បកម្មនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ទន្លេមេគង្គ និងនៅខេត្តព្រះសីហនុ ដោយមានការចិញ្ចឹមត្រីទឹកសាបផង ទឹកប្រៃផង និងបង្កើតជាកន្លែងផលិតម្សៅត្រី ដើម្បីធ្វើជាចំណីត្រី។

ក្រុមហ៊ុនចិន នឹងត្រឡប់មកម្តងទៀត ដើម្បីសិក្សាជាក់ស្តែងអំពីបញ្ហានេះ ដោយក្រុមហ៊ុន មានបំណងដាក់ទុនក្នុងឆ្នាំដំបូងរហូតដល់ ១០លានដុល្លារអាមេរិក។

សម្រាប់ទិន្នផលដែលទទួលបាន មិនមែនតែផ្គត់ផ្គង់ក្នុងស្រុកនោះទេ គឺត្រូវការនាំចេញទៅក្រៅប្រទេសទៀត ដូចជា នាំចេញទៅតៃវ៉ាន់ ហុងកុង សិង្ហបុរី តាមរយៈការកែច្នៃសាច់ត្រីជាប្រហិត ឬជាបន្ទះក្លាស្សេនាំចេញ។

គួរជម្រាបដែរថា ក្រុមហ៊ុន គ្រោងនឹងសហការជាមួយជាមួយប្រជាជនកម្ពុជា សម្រាប់ការវិនិយោគនេះ ដោយក្រុមហ៊ុនជាអ្នកផ្តល់ពូជ ចំណី និងបច្ចេកទេស ហើយផលដែលទទួលបាន ក្រុមហ៊ុន នឹងទិញយកវិញក្នុងតម្លៃទីផ្សារ៕

មតិយោបល់