កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៧កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងស្តីពី លក្ខខណ្ឌតម្រូវនៃការនាំចូលសត្វរស់ សាច់សត្វ និងផលិតផលសត្វពីបរទេស។
ក្នុងនោះដែរ ដើម្បីនាំចូលសត្វរស់ សាច់សត្វ និងផលិតផលសត្វ គឺតម្រូវឲ្យមានការត្រួតពិនិត្យដល់ ប្រភពដើម ពីគណៈកម្មការគ្រប់គ្រង និងវាយតម្លៃហានិភ័យរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមុនសិន មុននឹងអាចនាំចូលមកផ្គត់ផ្គង់ទីផ្សារកម្ពុជា។
ការត្រួតពិនិត្យដល់ប្រភពដើមនេះ គឺដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យនៃ ការឆ្លងរាលដាលនៃជំងឺសត្វ លើកកម្ពស់គុណភាពសាច់សត្វ និងការពារសុខុមាលភាពសាធារណៈប្រកបដោយសុវត្ថិភាព។
អាស្រ័យហេតុនេះ សូមក្រុមហ៊ុន និងអាជីវករ ដែលកំពុង ឬមានបំណងនាំចូលសត្វរស់ សាច់សត្វ និងផលិតផលសត្វ ត្រូវបំពេញបែបបទ និងទំនាក់ទំនងដើម្បីទទួលបានការណែនាំបន្ថែម ក្នុងរយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។
គួររម្លឹកដែរថា កាលពីឆ្នាំ ២០១៦ កម្ពុជា បានកាប់សាច់សត្វជាង ១.៣លានក្បាល សម្រាប់ការប្រើប្រាស់ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ៕
មតិយោបល់