ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោក Yaron Tamir និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញប្រធានបទស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។
ឱកាសនេះលោក Yaron Tamir នាយកក្រុមហ៊ុន Agro-studies (Agriculture Capacity Building) បានបង្ហាញពី គោលបំណងក្រុមហ៊ុន ចង់បង្កើតកសិដ្ឋានមួយ សម្រាប់ធ្វើការបង្ហាញពីការប្រើប្រព័ន្ធដំណក់ទឹកលើដំណាំស្រូវ។
ជាក់ស្តែង ការប្រើបច្ចេកវិទ្យាទាំងនេះបានត្រឹមត្រូវនោះ វានឹងជួយកាត់បន្ថយថ្លៃដើមផលិត ផលិតផលមានសុវត្ថិភាព និងឈានទៅធ្វើការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាងនាពេលអនាគត។
ទាក់ទងនិងគោលបំណងរបស់ក្រុមហ៊ុន ដែលចង់បង្កើតកសិដ្ឋានមួយសម្រាប់ធ្វើការបង្ហាញពីការប្រើប្រព័ន្ធដំណក់ទឹកលើដំណាំស្រូវ ឯកឧត្តមរដ្ឋមន្រ្តីមានសុទិដ្ឋិនិយមថានឹងគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អចំពោះគម្រោងនេះ ព្រោះហេតុថាការអនុវត្តបច្ចេកវិទ្យាលើវិស័យកសិកម្មគឺ សមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចង់បង្កើនសមត្ថភាពផលិតទាំងបរិមាណ និងគុណភាពដើម្បីធ្វើការនាំចេញនេះ ម្យ៉ាងទៀតការប្រើបច្ចេកវិទ្យាទំនើបៗលើវិស័យកសិកម្មគឺ សមស្របទៅនឹងនិន្នាការនៃការធ្លាក់ចុះកំលាំងពលកម្មក្នុងវិស័យកសិកម្ម។
ដូច្នេះការកាត់បន្ថយទាំងថ្លៃដើម និងកំលាំងពលកម្ម គឺជាជម្រើសមួយយ៉ាងល្អសម្រាប់កសិករ ដែលមានលទ្ធភាព និងម្ចាស់កសិដ្ឋានក្នុងការបង្កើនផលិតភាពផលិតកម្មដំណាំឈើហូបផ្លែ និងបន្លែ។
ឯកឧត្តម វេង សាខុន សូមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងក្រុមហ៊ុនជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នាំទី ៣ ដើម្បីទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ទាំងទ្រឹស្តីនិងការអនុវត្ត គិតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេល ១១ឆ្នាំហើយ មាននិស្សិតទទួលបានការបណ្តុះបណ្តាលប្រមាណជិតមួយពាន់នាក់។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា តាមរយៈចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលទទួលបានពីការបណ្តុះបណ្តាលនេះ ធ្វើឲ្យវិស័យកសិកម្មមានការប្រែប្រួលជារួម និងដោយឡែកវិស័យផលិតកម្មដំណាំបន្លែ ជាក់ស្តែងកសិករបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ និងការប្រើប្លាស្ទិចលើដំណាំបន្លែ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុនសហការជាមួយ សាកលវិទ្យាល័យភូមិន្ទកសិកម្មរៀបចំសិក្ខាសាលា ឬបង្កើតព្រឹត្តិការណ៍នៃការជួបជុំនិស្សិតជាមួយក្រុមហ៊ុន ឬម្ចាស់កសិដ្ឋានដើម្បីឲ្យពួកគេបង្ហាញពីអ្វីដែលពួកគេកំពុងធ្វើ និងអ្វីដែលទទួលបានពីចំណេះដឹង និងបទពិសោធន៍ល្អៗទាក់ទងនិងវិស័យកសិកម្មពីប្រទេសអ៊ីស្រាអែល ហើយក៏ជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុននិងនិស្សិតអាចសហការធ្វើគម្រោងស្រាវជ្រាវ ឬឈានទៅធ្វើកិច្ចសន្យាផលិតដើម្បីផ្គត់ផ្គង់ទីផ្សារ ជាពិសេសចង់បង្ហាញពីសក្តានុពលនៃធនធានមនុស្សក្នុងវិស័យកសិកម្ម៕
មតិយោបល់