សេវាឡានក្រុងសាធារណៈ នឹងពង្រីកទៅដល់ខេត្តកំពង់ស្ពឺ គ្រោងនឹងដាក់ដំណើរការសាកល្បង នៅខែ ឧសភា ខាងមុខនេះ ដោយមានរថយន្តក្រុងចំនួន ២០គ្រឿង រត់នៅតាមបណ្តោយផ្លូវជាតិលេខ ៤។ នេះបើយោងតាមការឲ្យដឹងកាលពីពេលថ្មីៗនេះពី រដ្ឋបាលខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន Brickston Cambodia ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការបម្រើ សេវាដឹកជញ្ជូនរថយន្តក្រុង ដែលមានកាលវិភាគទៀងទាត់ និងជាលើកដំបូងបង្អស់។
គម្រោងបន្ថែមខ្សែរថយន្តក្រុងសាធារណៈ ទៅកាន់ខេត្តកំពង់ស្ពឺនេះ នឹងតភ្ជាប់ជាមួយខ្សែរថយន្តក្រុង របស់សាលារាជធានីភ្នំពេញ ដែលអាចជួយសន្សំសំចៃ ដល់ចំណាយលើការដឹកជញ្ជូន របស់ប្រជាពលរដ្ឋបានកាន់តែច្រើន។
ចំពោះសិស្សសាលា ជនពិការ និងមនុស្សចាស់ជរា ដែលមានអាយុ ៦០ឆ្នាំឡើងទៅ មិនត្រូវគិតប្រាក់នោះទេ ហើយចំពោះថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ក្រុមហ៊ុននឹងមានការផ្តល់ជូនតម្លៃពិសេស។
គួររម្លឹកដែរថា ក្រុមហ៊ុនចិន Yutong គ្រោងនឹងបង្កើតរោងចក្រតម្លើងរថយន្តក្រុង នៅខេត្តកំពង់ស្ពឺ នឹងផ្តល់សេវាកម្មដឹកជញ្ជូនតាមរថយន្តក្រុងដ៏ទំនើបពីខេត្តកំពង់ស្ពឺ ទៅទីក្រុងភ្នំពេញផងដែរ៕
មតិយោបល់