ព័ត៌មានសេដ្ឋកិច្ច

សំបុត្រទស្សនាអង្គរឡើងថ្លៃ ភ្ញៀវទេសចរនៅតែកើនឡើង ព្រោះមិនប៉ះពាល់អារម្មណ៍

បើទោះបីជា សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរវត្ត នឹងកែប្រែតម្លៃថ្មី គឺឡើងដល់ ៣៧ដុល្លារអាមេរិក សម្រាប់ចូលទស្សនា ១ថ្ងៃ ចំនួនភ្ញៀវទេសចរ នៅតែបន្តកើនឡើង ព្រោះការកែប្រែតម្លៃនេះ មិនប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរនោះទេ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃនេះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា ចំនួនភ្ញៀវមកទស្សនាអង្គរ មិនថមថយនោះទេ និងទទួលបានការគាំទ្រយ៉ាងច្រើន បើទោះជាឡើងថ្លៃក្តី។

យោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ ក្នុងរយៈពេល ២ថ្ងៃ បន្ទាប់ពីការតម្លើងថ្លៃសំបុត្រ គឺនៅថ្ងៃទី ១ និងទី ២ ខែកុម្ភៈ ចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនា មានប្រមាណជិត ២ម៉ឺននាក់ ដែលរកចំណូលបានប្រមាណជាង ៨សែនដុល្លារអាមេរិក។

រាជរដ្ឋាភិបាល បានធ្វើការកែសម្រួល តម្លៃសំបុត្រចូលទស្សនារមនីយដ្ឋានអង្គរ សម្រាប់ជនបរទេសនេះ គឺដើម្បីរក្សាតម្លៃសំបុត្រ ចូលទស្សនាអង្គរឲ្យ មាននិរន្តរភាព ដោយហេតុផលថា តម្លៃបណ្ណថ្មី ៣៧ដុល្លារអាមេរិក គឺនៅទាបជាង តម្លៃសំបុត្រ ២០ដុល្លារអាមេរិក ដែលបានអនុវត្តន៍ កាលពី ២០ឆ្នាំមុន រហូតមកដល់ពេលនេះ។

មួយវិញទៀត អង្គរ ជាសម្បត្តិបេតិកភណ្ឌជាតិ ជាបេតិកភណ្ឌវប្បធម៌ ដ៏អស្ចារ្យនៅលើពិភពលោក ជាគោលដៅទេសចរណ៍ដ៏ធំ មានប្រាង្គប្រាសាទជាច្រើន ដែលមានវិសាលភាពធំធេង និងមានតម្លៃ មហាសាល ចំពោះការកែសម្រួលថ្លៃនេះ មិនជាឧបសគ្គ ឬជាកង្វល់នោះទេ ។

គួរបញ្ជាក់ដែរ ភ្ញៀវទេសចរទូទាំងពិភពលោក នៅតែគាំទ្រ និងធ្វើដំណើរមកទស្សនាអង្គរកាន់តែច្រើន ហើយគេសប្បាយចិត្ត ដោយបានចូលរួមចំណែកសប្បុរសធម៌ដល់ មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕

មតិយោបល់