ព័ត៌មានបច្ចេកវិទ្យា

វិធីភ្ជាប់សេវា ឬគម្រោងរបស់ក្រុមហ៊ុនទូរសព្ទចល័តគ្រប់ប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា

បច្ចុប្បន្ន សេវា ឬគម្រោងក្រុមហ៊ុនទូរសព្ទចល័តនីមួយៗពិតជាមានច្រើនណាស់។ ម្លោះហើយ អតិថិជនភាគច្រើនប្រាកដជាមិនចាំ ឬដឹងអស់នោះទេ។ ប៉ុន្តែ មិនថ្វីទេប្រសិនបើលោកអ្នកមានកម្មវិធី Lekcode លើទូរស័ព្ទរបស់ខ្លួននោះ។​ កម្មវិធីនេះ ប្រមូលផ្តុំគ្រប់លេខកូដសម្រាប់ភ្ជាប់សេវា ឬគម្រោងរបស់ក្រុមហ៊ុនទូរសព្ទចល័តគ្រប់ប្រព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀត វាផ្តល់ភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែស្វែងរកលេខកូដភ្ជាប់សេវា ឬគម្រោងដែលខ្លួនត្រូវការ ហើយយកម្រាមដៃចុចតែពីរដងប៉ុណ្ណោះ។

របៀបអនុវត្ត៖

១- សូមទាញយកកម្មវិធី Lekcode ពី AppStore (សម្រាប់ iPhone, iPad) ឬ PlayStore (សម្រាប់ទូរសព្ទដើរលើប្រព័ន្ធ Android) ដើម្បីដំឡើងប្រើលើទូរសព្ទរបស់ខ្លួន

២- បើកដំណើរការកម្មវិធី Lekcode រួចចុចលើផ្លាកក្រុមហ៊ុនបណ្តាញទូរសព្ទចល័តណាមួយរបស់លោកអ្នក។ ឧ. ជ្រើសរើសក្រុមហ៊ុន Smart

៣- លោកអ្នកនឹងឃើញលេខកូដភ្ជាប់សេវានានារបស់ក្រុមហ៊ុន ដោយបែកចែកតាមគម្រោងផ្សេងៗគ្នា ក្នុងនោះមានដូចជា SMART EXCHANGE, SURFLIKECRAZY, SOCIAL PACK UNLIMITED ជាដើម។ សូមស្វែងរកលេខកូដណាមួយដែលលោកអ្នកចង់ភ្ជាប់ ឧ. សេវាដូរលុយ ១$ បាន ៣០$ ឈ្មោះ Exchange $1 ដែលមានលេខកូដ *656*100# ។ នៅពេលដែលលោកអ្នកបានឃើញហើយ សូមចុចលើប៊ូតុង Dial នៅខាងស្តាំដៃរបស់លេខកូដនោះ

៤- ភ្លាមៗនោះ វានឹងលោតទៅកម្មវិធី Phone របស់ទូរសព្ទ បន្ទាប់មក សូមចុចលើប៊ូតុង ហៅទូរសព្ទចេញ (call) ជាការស្រេច៕

បញ្ជាក់: កម្មវិធី Lekcode ក៏មានដាក់បញ្ចូលលេខកូដសម្រាប់ឆែកមើលទឹកប្រាក់ និងលេខទាក់ទងទៅកាន់បុគ្គលិករបស់ក្រុមហ៊ុនផ្នែកផ្តល់សេវាអតិថិជនផងដែរ៕

មតិយោបល់