ព័ត៌មានសេដ្ឋកិច្ច

មហាសេដ្ឋី Jack MA ព្រមានថា «បើជំនួញឈប់ដើរ សង្គ្រាមចាប់ផ្តើមហើយ»

មហាសេដ្ឋី Jack MA បាននិយាយថា «បើសិនជាជំនួញឈប់ដើរ សង្រ្គាមនឹងចាប់ផ្តើមហើយ» ពោលគឺ បើអាមេរិកចង់ដកខ្លួនចេញពី សេដ្ឋកិច្ចសកល គឺពិតជានាំបញ្ហារាប់មិនអស់ដល់ពិភពលោក។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ Business Insider។

Jack MA បានលើកឡើងយ៉ាងដូច្នេះ កាលពីសបា្តហ៍មុន ក្នុងប្រទេសអូស្រ្តាលី និង ញ៉ូហ្សេឡែន ខណៈដែលលោក សម្ពោធការិយាល័យក្រុមហ៊ុន Alibaba ដំបូងបង្អស់ក្នុងប្រទេសអូស្រ្តាលី និងញ៉ូហ្សេឡែន។

លោកបន្តថា «យើងត្រូវតែបង្ហាញថា ពាណិជ្ជកម្ម គឺជួយបង្កើតទំនាក់ទំនងឲ្យមនុស្ស មិនមែនគិតតែពីលុយ និងទំនិញនោះទេ គឺការជួញដូរគុណតម្លៃ ការផ្លាស់ប្តូរវប្បធម៌»។

រីឯលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចចិត្តដកខ្លួនចេញពី កិច្ចព្រមព្រៀង TPP រួមមាន អូស្រា្តលី និង ញ៉ូហ្សេឡែន ដែលលោកចាត់ទុកថា កិច្ចព្រមព្រៀងនេះ ជាគ្រោះមហន្តរាយសម្រាប់អាមេរិក។

គួរបញ្ជាក់ដែរថា កាលពីខែមុន Jack MA ក៏បានជួប Donald Trump និងប្រកាសថា ក្រុមហ៊ុន Alibaba របស់គាត់ នឹងបង្កើតការងារបាន ១លានកន្លែង នៅសហរដ្ឋអាមេរិក ហើយពិភពលោក ត្រូវការសកលភាវូបនីយកម្ម ត្រូវការពាណិជ្ជកម្ម៕

មតិយោបល់