ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន (ASEAN) បានឈានចូលអាយុ ៥០ឆ្នាំ កាលពីពេលថ្មីៗនេះ។ ឥឡូវនេះ ក្នុងមជ្ឈិមវ័យ អាស៊ានបានសម្រេចនូវសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន ក្រោមអាណត្តិការងាររបស់ខ្លួន។
សមិទ្ធផលសេដ្ឋកិច្ចធំជាងគេរបស់អាស៊ាន គឺការកាត់បន្ថយពន្ធគយ។ ជាមធ្យម រដ្ឋជាសមាជិកទាំង ១០ របស់អាស៊ាន បានកាត់បន្ទាត់ពន្ធគយប្រមាណជា ៩៦% ឲ្យនៅត្រឹម ០% ហើយគេរំពឹងថា ភាគរយនេះ នឹងកើនឡើងដល់ ៩៨.៧% នៅឆ្នាំក្រោយ។
បច្ចុប្បន្ននេះ មានបន្ទាត់ពន្ធគយជាង ៩០% ដែលផ្ដល់អត្រាដូចគ្នាដល់ប្រទេសជាសមាជិកផង និងប្រទេសមិនមែនជាសមាជិកផង ហើយពាណិជ្ជកម្មក្នុងក្របខណ្ឌអាស៊ានជាង ៧០% ធ្វើដំណើរឆ្ពោះទៅប្រទេសដែលទទួលបានភាពអនុគ្រោះជាងគេក្នុងអត្រាពន្ធគយ ០%។
សហគមន៍សេដ្ឋកិច្ចអាស៊ាន ពុំបានលេចចេញជារូបរាងមុនឆ្នាំ ២០១៥ ដូចដែលសង្ឃឹមពីដំបូងឡើយ។ អាស៊ានបានពន្យារពេលអនុវត្តវិធានការចំនួន ១០៥ ក្នុងចំណោមវិធានការដែលចាំបាច់ ចំនួន ៥០៦ និងបានពន្យារកាលបរិច្ឆេទកំណត់រហូតដល់ឆ្នាំ ២០២៥។
ផែនការមេមួយត្រូវបានរៀបចំដែលមានឈ្មោះថា ផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០២៥ ដែលបានទទួលការអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៧ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៥។
គោលបំណងមួយនៃផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០២៥ នេះ គឺត្រូវបញ្ចប់
កិច្ចការដែលនៅសេសសល់ ពាក់ព័ន្ធជាមួយនឹងសមាហរណកម្មថ្នាក់តំបន់នេះ ដូចជា ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ព្រោះជំនួសឲ្យការបញ្ចុះអត្រាពន្ធគយឲ្យនៅទាប ប្រទេសជាសមាជិកបែរជាបង្កើនវិធានការមិនមែនមែនពន្ធគយទៅវិញ ពោលគឺមានការកើនឡើងដល់ទៅជាង ៣ដង ចន្លោះពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៥។
ខណៈពេលដែលផែនការមេដំបូងមានសសរស្ដម្ភចំនួន ៤ សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០២៥ ដែលជាផែនការមេបន្ទាប់ មានគោលដៅធំៗចំនួន ៥ ដើម្បីបង្កើនសមាហរណកម្ម ការប្រកួតប្រជែង ការភ្ជាប់ទំនាក់ទំនង បរិយាប័ន និងសកលភាវូបនីយកម្ម។
ផែនការមេនេះ ផ្ដោតទៅលើវិស័យកំណែទម្រង់ពិបាកៗមួយចំនួន ដូចជា ការកាត់បន្ថយវិធានការមិនមែនពន្ធគយ ការសម្រួលវិធានប្រភពដើម ដែលកំណត់ពីទីកន្លែងជាប្រភពរបស់ផលិតផលអ្វីមួយ និងការពង្រឹងវិធានការសម្រួលពាណិជ្ជកម្មបន្ថែមទៀត។
លើសពីនេះ ក៏មានវិធានការសម្រាប់បង្កើនផលិតភាព តាមរយៈការច្នៃប្រឌិតថ្មី បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍនៅថ្នាក់តំបន់ និងការបង្កើនការចូលរួមរបស់តំបន់ទៅក្នុងសង្វាក់ផ្គត់ផ្គង់កម្រិតសកលផងដែរ។
ឯកសារការមេថ្មីនេះ កំណត់យ៉ាងច្បាស់ពីយន្ដការ ដើម្បីធានាយ៉ាងណាឲ្យរដ្ឋជាសមាជិកអនុលោមទៅតាមអ្វីដែលខ្លួនបានប្ដេជ្ញា។ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងជាស្ថាប័នបង្គោលសម្រាប់ពង្រឹងភាពអនុលោមនេះ ដែលនេះជាការទទួលស្គាល់ពីភាពចាំបាច់ ដើម្បីជម្នះបញ្ហាប្រឈម ដូចលើកឡើងខាងលើ។
ប្រសិនបើអាស៊ានអាចជម្នះបញ្ហាប្រឈមនេះបាន អាស៊ាននឹងបំពេញតួនាទីដ៏សំខាន់ នៅក្នុងការធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់តំបន់នេះ កាន់តែមានវិបុលភាព បរិយាប័ន និងកាន់តែអាចស៊ូធន់បន្ថែមទៀត ហើយពង្រឹងតួនាទីរបស់ខ្លួនក្នុងនាមជាស្ថាប័នដ៏សំខាន់នៅថ្នាក់តំបន់ ដែលបន្ដមានការវិវត្តទៅមុខទៀតយ៉ាងឆាប់រហ័សផងដែរ៕
មតិយោបល់