ព័ត៌មានសេដ្ឋកិច្ច

ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញថ្មី៖ ភ្នំពេញ នឹងមិនមានគំនរសំរាមទុកចោលទៀតទេ

ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញថ្មី​ បានសន្យាថា មិនឲ្យគំនរសំរាមទុកចោល នៅក្នុងរាជធានីភ្នំពេញទៀតទេ ដោយលើកឡើងតាមរយៈ ការដាក់ផែនការគ្រប់គ្រងសំរាមឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុខុមាលភាពប្រជាពលរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក គាត រង្សី ទើបតែឡើងកាន់តំណែងថ្មី បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមពីផ្ទះរបស់ខ្លួន ទៅតាមពេលវេលាកំណត់ ដើម្បីភ្នាក់ងារប្រមូលសំរាមឲ្យបានស្អាត គ្មានគំនរសំរាមតទៅទៀត។

ក្រៅពីការបង្កើនការអប់រំដល់ប្រជាពលរដ្ឋ មន្ទីរនឹងដាក់វិធានការជាមួយវិស័យឯកជន ដើម្បីឲ្យមានភាពស៊ីគ្នារវាងការប្រមូលសំរាម និងការទុកដាក់សំរាមរបស់បងប្អូនប្រជាពលរដ្ឋ។

បច្ចុប្បន្ន បញ្ហាសំរាមក្នុងរាជធានីភ្នំពេញ នៅតែមានលក្ខណៈរាយប៉ាយ តាមទីសាធារណៈ និងតំបន់កម្សាន្ត ទាមទារឲ្យមានយុទ្ធសាស្រ្តថ្មីៗ ក្នុងការគ្រប់គ្រងសំរាមឲ្យបានល្អ។

គួរជម្រាបដែរថា តាមការអង្កេតជាក់ស្តែងរបស់មន្ទីរ ប្រជាពលរដ្ឋពុំទាន់មានទម្លាប់ល្អ ក្នុងការទុកដាក់សំរាមនោះទេ ហើយអាជ្ញាធរ ក៏ពុំទាន់មានយុទ្ធសាស្រ្តល្អនៅឡើយ ឲ្យតែមានបុណ្យជាតិ ឬព្រឹត្តិការណ៍ធំៗ គឺមានគំនរសំរាមរាយប៉ាយគរដូចភ្នំ ក្រោយបញ្ចប់ព្រឹត្តិការណ៍៕

មតិយោបល់