ព័ត៌មានសេដ្ឋកិច្ច

ផ្តាសាយបក្សីវាយលុក កំពង់ធំ និងស្វាយរៀង ទាមទារការប្រុងប្រយ័ត្នខ្ពស់

នៅដើមឆ្នាំ ២០១៧នេះ ជម្ងឺផ្តាសាយបក្សី បានចាប់ផ្តើមវាយលុក ខេត្តកំពង់ធំ និងស្វាយរៀង ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លងនៃ ក្រសួងសុខាភិបាល បានឲ្យដឹងនាពេលថ្មីៗនេះ។

បើទោះបីជាមិនទាន់មានករណីជម្ងឺផ្តាសាយបក្សី នៅលើមនុស្សនៅឡើយ ក្រសួងសូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានការកើតឡើងវិញ និងរីករាលដាល នៅដើមឆ្នាំ ២០១៧នេះ។

រោគសញ្ញានៃជម្ងឺ ដែលចាត់ទុកជាករណីសង្ស័យគឺ គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ ក្អក ឈឺក ដកដង្ហើមហត់ និងមានប្រវត្តិប៉ះពាល់បក្សីឈឺ ឬងាប់ ក្នុងអំឡុងពេល ៧ថ្ងៃ។

បើមានករណីសង្ស័យ ត្រូវទាក់ទងទៅកាន់ទូរស័ព្ទលេខ ១១៥ ឬបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុត ដើម្បីធ្វើការព្យាបាល។

គួររម្លឹកដែរថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៦ ប្រទេសកម្ពុជា ធ្លាប់កើតមានជម្ងឺផ្តាសាយបក្សីឆ្លងពីសត្វមកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណី បានស្លាប់៕

មតិយោបល់