ព័ត៌មានសេដ្ឋកិច្ច

ស្ថាប័នហិរញ្ញវត្ថុ​ គួរកាត់បន្ថយ​ ឬមិន​យក​ការប្រាក់​ ចំពោះកម្ចីកសិករ

ភ្នំពេញ: រដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ ធនាគារពាណិជ្ជទាំងឡាយ ដែលរដ្ឋបានធានានូវហានិភ័យ ៥០ភាគរយ និងមីក្រូហិរញ្ញវត្ថុទាំងឡាយ សូមមេត្តាយោគយល់ដល់កសិករ ដែលលក់ស្រូវមិនដាច់ ឬតម្លៃស្រូវថោកពេក ធ្វើឲ្យពួកគាត់មិនអាចសងបាន សូមកុំប្តឹងតុលាការទៅរឹបអូសផ្ទះ ដីធ្លី និងយោគយល់ពន្យាពេលសង ហើយបើសិនជាអាចធ្វើបាន សូមកុំយកការប្រាក់ ឬបន្ថយអត្រាការប្រាក់ចំពោះកសិករ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងសុន្ទរកថា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតមកពីសកលវិទ្យាល័យបញ្ញាជាតិ កាលពីព្រឹកថ្ងៃទី ១៩ កញ្ញានេះ។

បន្ថែមពីលើនេះទៀត ថវិកា ២៧លានដុល្លារអាមេរិក នឹងត្រូវបានប្រើប្រាស់ នៅក្នុងកម្មវិធីពិសេស របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទាន ដោយយកស្តុកស្រូវជាវត្ថុធានាបំណុល ដែលជួយជំរុញស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លើសពីនេះទៅទៀត កម្មវិធីពិសេសនេះ នឹងលើកទឹកចិត្តដល់វិស័យឯកជនឲ្យពង្រីកឡសម្ងួត និងឃ្លាំងស្តុកស្រូវឲ្យបានកាន់តែធំ និងមានលក្ខណ:ស្តង់ដារ ក្នុងការរក្សាទុកស្រូវមានគុណភាពល្អ ដើម្បីធានាបានស្ថេរភាព ថ្លៃស្រូវ-អង្ករ និងបម្រុងទុកស្រូវអង្ករគ្រប់គ្រាន់ សម្រាប់បំរើឲ្យការនាំចេញអង្ករ។

កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល មានថវិកាសមមូលចំនួន ២៧លានដុល្លារអាមេរិក ដែលប្រើប្រាស់ប្រាក់បម្រុងរបស់រាជរដ្ឋាភិបាល ២០លានដុល្លារអាមេរិក និងប្រើប្រាស់ទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទចំនួន ៧លានដុល្លារអាមេរិក ដោយអនុញ្ញាតិឲ្យធនាគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករអនុវត្តន៍ គម្រោងនេះដោយផ្ទាល់។

គោលដៅចម្បងនៃកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល គឺរួមចំណែកដោះស្រាយ បញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវ នៅតាមបណ្តាខេត្តគោលដៅមួយចំនួន និងជម្រុញការប្រមូលទិញស្រូវក្រអូប ដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗ ចាប់ពីពាក់កណ្តាលខែសីហាតទៅ រហូតដល់ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ៕

13872877_274674276250723_5245142773133675467_n13873069_274673922917425_5580602677314193559_n government-program-to-stablize-the-rice-price1

មតិយោបល់